(ភ្នំពេញ)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចទ័ពពិសេសឆត្រយោង៩១១ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បានប្រកាសថ្កោលទោសចំពោះទង្វើក្បត់ជាតិរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ហើយគាំទ្រចំពោះវិធានការសមត្ថកិច្ច ចំពោះការចាប់ខ្លួន មេបក្សប្រឆាំងមួយនេះ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋាន របស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបង្ហាញពីផែនការមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកំពុងគ្រប់គ្រងអំណាចដោយមានការគាំទ្រពីសហរដ្ឋអាមេរិក តាមរយៈវីដេអូមួយនៅលើបណ្តាញព័ត៌មាន CBN ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ ក្នុងវីដេអូនេះ លោក កឹម សុខា បានបង្ហាញពីផែនការជាច្រើនដែលផ្តល់គំនិត និងបង្ហាត់បង្រៀនដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ក្នុងការប្រើអំណាចមហាជនឆ្ពោះទៅរកការក្តោបក្តាប់អំណាច។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។

ក្រោយការចាប់ខ្លួនលោក កឹម សុខា ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ ត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕