(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺនៅមន្ទីរពេទ្យ ព្រះអង្គឌួង រួមទាំងអំពាវនាវ ដល់កម្មករ-កម្មការិនី ពេលមកពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស សូមភ្ជាប់មកជាមួយនិងប័ណ្ណបេឡាជាតិរបបសន្ដិសុខ (ប.ស.ស)មកជាមួយផង ដើម្បីទទួលបានសេវាព្យាបាលដោយគិតថ្លៃ ព្រោះរាល់ការចំណាយថវិកាព្យាបាលទាំងអស់ គឺរាជរដ្ឋាភិបាល ចេញថ្លៃជួសទាំងអស់។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេងបានថ្លែងទៀតថា «សូមប្អូនៗក្មួយៗចៅៗទាំងអស់ ដែលជាកម្មករ-កម្មការិនី ខិតខំបំពេញកិច្ចការងារឲ្យបានល្អ ហើយត្រូវថែរក្សាសុខភាពជាប្រចាំដែរ បើមានស្ថានភាពមិនស្រួល មកទទួលសេវាពិនិត្យសុខភាព នៅមន្ទីររដ្ឋមក មិនអស់ថវិកាព្យាបាលទេ ហើយគ្រូពេទ្យ នឹងយកចិត្ដទុកដាក់បងប្អូន ដូចនឹងអ្នកបង់ថ្លៃសេវាព្យាបាលដូចគ្នា គឺមិនទុកបងប្អូនចោលនោះទេ ហើយបើមានចំនុចខ្វះខាតណាមួយ យើងនឹងបំពេញជូនប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូន ជួយសហការជាមួយផង»

ទន្ទឹមនឹងនោះប្រធានមន្ទីរពេទ្យ ព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងផងដែរ «ជុំវិញនឹងការព្យាបាល ទៅលើអ្នកជំងឺ គឺយើងបានរៀបចំសេវាព្យាបាល យ៉ាងយកចិត្ដទុកដាក់ណាស់ មិនថាបងប្អូនប្រជាពលរដ្ឋយើង មកព្យាបាល ដោយគិតថ្លៃ និងតាមរយៈបេឡាជាតិសន្តិសុខសង្គម និងជាប្រជាជនក្រីក្រ ដែលទទួលបានការគាំពារ ពីមូលនិធិសមធម៌ របស់រាជរដ្ឋាភិបាលទេ គឺយើងតែងតែពិនិត្យព្យាបាលថែរក្សា បានល្អណាស់ ទៅតាមតួនាទីរបស់លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ ពិសេសសម្រាប់ កម្មករ-កម្មការិនីរោងចក្រ សហគ្រាស គឺយើងមិនដែលយកថវិកានោះឡើយ ហើយបើករណីណា មិនប្រក្រតី ឬយកថ្លៃព្យាបាល សូមពួកគាត់ចំណាំមុខ និងឈ្មោះគ្រូពេទ្យនោះ ហើយរាយការណ៍មកខាងខ្ញុំភ្លាម យើងនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ដោយមិនលើកលែងនោះឡើយ»

លោកបន្ដថា «ជារៀងរាល់ថ្ងៃគឺ ប្រជាពលរដ្ឋយើង បានមកពិនិត្យច្រើនណាស់ ក្នុងនោះក៏មានកម្មករ-កម្មការិនីរោងចក្រ សហគ្រាសដែរ ពិសេសក្នុងថ្ងៃអាទិត្យតែម្ដង គឺកម្មករ-កម្មការិនីរោងចក្រ បានមកពិនិត្យយ៉ាងតិច២០០នាក់ ដូច្នេះ រាល់ការពិនិត្យទាំងអស់ គឺយើងបានយកព្យាបាលទៅតាមនឹង ទាំងអ្នកបង់ថ្លៃ និងមិនថ្លៃការព្យាបាល គឺត្រូវចាំលេខរៀងដូចគ្នា ដើម្បីទទួលបានសេវាពិនិត្យ ពីគ្រូពេទ្យយើង ដោយមានក្រមសីលធម៌ និងយកចិត្ដទុកដាក់ខ្ពស់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ កុំអន់ចិត្ដនឹងការរងចំានេះ ព្រោះដើម្បីភាពស្មើគ្នា ដោយមិនរើសអើង ដែលយើងទាំងអស់គ្នា ត្រូវសហការគ្នាទៅវិញទៅមក»

ព្រមជាមួយគ្នានេះផងដែរ អ្នកស្រី បុង សាម៉េត ដែលកម្មការិនី នៅរោងចក្រ ខេមបូ ហ៊ែនសំា អិលធីឌី បានឲ្យដឹងថា «រាល់ពេលដែលខ្ញុំឈឺ គឺមកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង រហូត គឺមិនដែលអស់ថវិកានោះទេ ព្រោះខ្ញុំមានប័ណ្ណប.ស.ស មកជាមួយ ដោយរាល់ការចំណាយ តាមរយៈបេឡាជាតិសន្ដិសុខសង្គម ហើយពេលនេះគឺមានរាជរដ្ឋាភិបាលទៀត ដែលយកចិត្ដទុកដាក់មកលើពួកខ្ញុំ និងប្រជាពលរដ្ឋ​ បានធ្វើឲ្យពួកយើងកាន់តែធូរស្រាយការចំណាយថវិកា ខ្លាំងមែនទែន ទោះពួកខ្ញុំឈឺជំងឺអ្វីក៏ដោយ ឲ្យតែមកពិនិត្យ នៅមន្ទីរពេទ្យរដ្ឋ គឺ មិនអស់លុយទេ គឺរាជរដ្ឋាភិបាលចេញថ្លៃជួស ហើយពេទ្យក៏យកចិត្ដទុកដាក់ទៀត ពួកខ្ញុំអរគុណណាស់»។

គួរបញ្ជាក់ថា លោក សោម អូន ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា បានឲ្យដឹងថា នៅប្រទេសកម្ពុជាកម្មករនិយោជិត មានប្រមាណ៧៥ម៉ឺននាក់ ក្នុងនោះការបង់ថ្លៃសេវាគាំពារសុខភាព ក្នុងកម្មករម្នាក់ៗ អាចនឹងត្រូវចំណាយជាមធ្យម ក្នុង១ខែ១២,០០០រៀល (៣ដុល្លារ) ដូច្នេះក្នុងមួយខែសរុប កម្មករ៧៥ម៉ឺននាក់ ចំណាយប្រាក់ ២,២៥០,០០០ដុល្លារ ហើយបើគិតពេញមួយឆ្នាំ គឺចំណាយ២៧លានដុល្លារឯណោះ។ ប៉ុន្តែនៅពេលដែលសម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យថៅកែរោងចក្រ បង់ថ្លៃសេវាគាំពារសុខភាពជំនួស គឺពួកគាត់ចំណេញ២,២៥០,០០០ដុល្លារក្នុង១ខែ ឬចំណេញ ២៧លានដុល្លារក្នុង១ឆ្នាំ៕