(ភ្នំពេញ)៖ ទីបំផុត ! កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់។ នេះបើយោងតាមការប្រកាសរបស់កាសែត The Cambodia Daily នៅរសៀលថ្ងៃអាទិត្យនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ គឺជាថ្ងៃគម្រប់៣០ថ្ងៃ ដែលអគ្គនាយករដ្ឋានពន្ធដារ ទុកពេលឲ្យកាសែត The Cambodia Daily ធ្វើការតវ៉ាអំពីបញ្ហាជំពាក់ពន្ធរដ្ឋចំនួនជាង៦លានដុល្លារ ក្រោយដំណើរការនៅកម្ពុជាដោយគ្មានបង់ពន្ធរយៈពេលជាង១០ឆ្នាំមកនេះ។

តាមរយៈការចុះផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងការសម្រេចបិទការចេញផ្សាយរបស់ខ្លួន កាសែត The Cambodia Daily បានថ្លែងអំណរគុណដល់ ម្ចាស់ពាណិជ្ចកម្ម និងប្រិយមិត្ត ដែលបានគាំទ្រកាសែតនេះ តាំងពីដើមមក។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានឯកសារពន្ធដារត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម Facebook ដែលបានបង្ហាញថា កាសែត The Cambodia Daily ដែលបានធ្វើអាជីវកម្មព័ត៌មាននៅកម្ពុជា រយៈពេល១០ឆ្នាំមកនេះ ពុំបានបង់ពន្ធជូនរដ្ឋនោះទេ ដែលទឹកប្រាក់ជំពាក់ពន្ធរដ្ឋនេះ មានចំនួនរហូតដល់ 25,756,015,695 រៀល (ប្រមាណ៦លានដុល្លារ)។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់ថា ឯកសារនោះ គឺពិតប្រាកដមែន ដែលកាសែតបរទេសមួយនេះពុំបានបង់ពន្ធជូនរដ្ឋតាំងពីឆ្នាំ២០០៧មក។ លោក គង់ វិបុល បានបញ្ជាក់ថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ចូលមកដល់។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» បានហៅកាសែត The Cambodia Daily ថាជាមេចោរ និងព្រមានឲ្យវិចបង្វិចចេញពីកម្ពុជាភ្លាម បើមិនព្រមបង់ពន្ធ ដែលខ្លួនគេចវេសរយៈពេល១០ឆ្នាំមកហើយនោះ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាសែត The Cambodia Daily ក្រៅពីគេចវេសកាតព្វកិច្ចបង់ពន្ធ ជូនកម្ពុជាជាង១០ឆ្នាំហើយនោះ ថែមទាំងចោទថា រឿងបង់ពន្ធនេះ ជារឿងនយោបាយទៅវិញ ខណៈដែលសម្ដេចអះអាងថា នេះហើយជាភាពអយុត្តិធម៌ ដែលសម្ដេចទទួលបានពីបរទេស ដោយគ្រាន់តែឲ្យ បរទេសនោះអនុវត្តច្បាប់របស់កម្ពុជាសោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «អាមេចោរ អត់បង់ពន្ធឲ្យរដ្ឋ១០ឆ្នាំ អានេះ១០ឆ្នាំ គេគិតតែអាច្បាប់ពន្ធទេ តែអានេះតាំង ពីកើតចេញជារូបរៀងមក មិនដែលបង់ពន្ធឲ្យរដ្ឋទេ សុំទោស។ ឥឡូវកំពុងតែបង្វែរទៅជាផ្លូវនយោបាយហើយ ខ្លួនឯងជាមេចោរហើយ មកបង្រៀនគេ។ បង់ពន្ធឲ្យរដ្ឋមក បើចង់នៅតទៅទៀតបង់ពន្ធឲ្យរដ្ឋ បើមិនបង់ពន្ធឲ្យរដ្ឋទេ វិចបង្វិចចាកចេញទៅ អាហ្នឹងនិយាយគ្នាឲ្យច្បាស់ៗ ហើយគ្មានរឿង នយោបាយនៅក្នុងហ្នឹងទេ»៕