(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ដ្រីរាជការទាំងអស់​ក្នុងក្រសួង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញញត្តិគាំទ្រចំពោះចំណាត់ការតាមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច លើបុគ្គល កឹម សុខា ដែលបានឃុបឃិត និងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយបក្ខពួក និងជនបរទេសមួយចំនួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលជាទង្វើក្បត់ជាតិ។

រដ្ឋមន្ដ្រី វេង សាខុន ​ក៏ដូចជាមន្ដ្រីរាជការទាំងអស់ដែលបម្រើការក្នុងក្រសួង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ ក្នុងការចាប់ខ្លូនបុគ្គល កឹម សុខា ដែលជាទង្វើក្បត់ជាតិ មិនអាចលើកលែងឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕