(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៧៤ផ្សេងៗគ្នាប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំឲ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងគឺការអភិវឌ្ឍដើម្បីឲ្យប្រទេសជាតិកាន់តែរីកចម្រើន។ ទន្ទឹមនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្ម២០១៥-២០២៥ សម្តេចតតេជោបានផ្តល់នូវ អនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានា ដល់លក្ខណការងារនិងប្រាក់ចំណូលល្អ៖
១៖ ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ។
២៖ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣៖ រួមគ្នាបង្កើនប្រាក់ចំណូល ដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃតែ៨០០រៀលប៉ុណ្ណោះ។ សម្តេចតេជោ បានអំពាវនាវសូមម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាព រកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤៖ ផ្តល់របបគាំពារសន្តិសុខ សង្គមដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរកម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិន គិតថ្លៃ តាមរយៈមូលនិធិសមធម៌។
សម្តេចតេជោ បានណែនាំឲ្យក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួន ដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ១២០%។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ។
៥៖ បន្តផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខ័ណការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលបានជួបជុំតំណាងកម្មករកម្មការិនី ដែលពេលនេះ គឺជាជំនួបលើកទី៣ហើយ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសួរ សុខទុក្ខកម្មករចំនួន៥ដងហើយ រួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូន កម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈ២កន្លងទៅថ្មីៗ ដែលមិនអាចបំភ្លេចបានឡើយ។ បាយដែលសម្តេចទទួលទានពេលនោះ គឺជាបាយរបស់កូនក្មួយកម្មករដែលផ្តល់ជូន សម្តេចដោយផ្ទាល់។ សព្វថ្ងៃនេះរោងចក្រមួយចំនួនធំ បានរៀបចំបន្ទប់បាយអោយកម្មករ ហើយមួយ ចំនួនទៀតបានផ្តល់ថ្លៃអាហារ១ពេលដល់កម្មករផងដែរ។
សព្វថ្ងៃនេះកម្ពុជា មានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង១លាននាក់។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ធដល់វិនិយោគទុនបរទេស គឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់ កម្មករ។ ប្រាក់ខែកម្មករពីមុនគឺក្រោម៤០ដុល្លារ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅ ឆ្នាំ២០១៨ ខាងមុខនេះតិចបំផុតគឺអាចឡើងដល់១៦០ ទៅ១៦៨ដុល្លារក្នុងមួយខែបូក នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិន អោយកម្ពុជាទទួលផលប្រយោជន៍ដូចជា៖
ទី១៖ កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ទី២៖ កុំមកវិនិយោគនៅ កម្ពុជា និង៣៖ កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ បំផ្លាញផល ប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរទេសជួយ [៣-សុំ] គឺ១៖ សុំឲ្យបរទេសជួយ និងផ្តល់ជំនួយមកកម្ពុជា ២៖សុំឲ្យបរទេសមក វិនិយោគនៅកម្ពុជា និង៣៖សុំឲ្យបរទេសជួយទិញទំនិញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមាន ផ្ទៃពោះជាង ១០០នាក់ និងបានថតរូបអនុស្សាវរីយ៍ Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះ យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕