(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរកជនបរទេសផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹង ផែនការក្បត់ជាតិជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយសម្តេចក៏បានប្រកាសផងដែរថា អាមេរិកធ្លាប់ធ្វើ រឿងនេះជាមួយ លន់ ណុល ហើយលើកនេះអាមេរិក ក៏ធ្វើរឿងនេះជាមួយ កឹម សុខា។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីដ៏មានឥទិ្ធពល របស់កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «កុំថាប្រទេសនេះផ្ដាច់ការ រដ្ឋអធិបតេយ្យមួយមិនឲ្យបរទេស មកធ្វើរបៀបនេះទេ នេះជាអំពើក្បត់ជាតិ លក់ផលប្រយោជន៍ជាតិឲ្យបរទេស គ្រាន់តែដើម្បីផ្ដួលរំលំ នឹងឡើងកាន់អំណាចខ្លួនឯង អាមេរិកកាំងធ្លាប់ធ្វើរឿងនេះ ជាមួយ លន់ ណុល ហើយលើកនេះអាមេរិកកាំង ក៏ធ្វើរឿងនេះ ជាមួយកឹម សុខា»។

សម្តេចបានបញ្ជាក់យ៉ាងខ្លាំងៗថា «យើងនឹងស្វែងរកជនបរទេសណាខ្លះ ដែលពាក់ព័ន្ធ វាមិនមែនជាបញ្ហាលែងសើចទេរឿងនេះ រឿងជាតិធំណាស់ ដូច្នេះនៅពេលទទួល បានឯកសារ យើងនឹងរៀបចំប្រជុំចេញសេចក្ដីថ្លែងការណ៍ទាំងយប់ ចាប់ខ្លួនទាំងយប់ យើងអត់មានជម្រើសទេ តើយកជម្រើសចាប់ខ្លួនតែម្នាក់ ឬត្រូវជម្រើសបញ្ជូនកងទ័ព ដើម្បីចូលបង្ក្រាប នៅស្នាក់ការគណបក្សទាំងអស់ ជម្រើសចាប់ខ្លួនម្នាក់ល្អជាង អំពាវនាវឲ្យមានការស្ងប់ស្ងាត់»

សម្តេចតេជោ ហ៊ុន​ សែន បានបន្តទៀតថា ប្រសិនមានទង្វើណាដែលផ្ទុយនឹងច្បាប់ ច្បាប់នឹងបន្ដធ្វើរហូត​ដល់ដំណាក់កាលប្រសិនជា បក្សចេញមុខមកការពារ បុគ្គលធ្វើខុសច្បាប់ បក្សក៏ប្រឈមមុខជាមួយនឹងការត្រូវរំលាយចោលដែរ ហើយរឿងវាទាក់ទងជាមួយបក្សនេះ រឿងនេះនិយាយនៅអូស្ដ្រាលីថ្ងៃ៨ ខែធ្នូ ត្រឡប់មកវិញ ហើយបានវាមានថា ចលនា​ហិង្សាកើតឡើងផ្ទុះនៅផ្លូវវែងស្រេង ចឹងបូកឲ្យម្នាក់ហ្នឹងទទួលខុសត្រូវ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញក្រោយពីមាន ការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ត្រពាំងថ្លុងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕