(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង នាយទាហាន នាយទាហានរង ពលទាហាន ទីចាត់ការហ្វឹកហ្វឺន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនលោក កឹម សុខា ដើម្បីទប់ស្កាត់ភាព វឹកវរនិងមហន្តរាយ ចំពោះសង្គមជាតិ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសម្តែងការខឹងសម្បា និងថ្កោលទោសដាច់អហង្ការ ចំពោះទង្វើរបស់លោក កឹម សុខា ដែលទៅឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា។
សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជា នាយទាហាន នាយទាហានរង និងពលទាហាននៃទីចាត់ការហ្វឹកហ្វឺន ទាំងអស់សូមគាំទ្រ យ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានចាប់ខ្លួនជនក្បត់ជាតិ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានឃុបឃិត ជាមួយជនបរទេស ដើម្បីដំណើរការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពនៅកម្ពុជា។ ជនក្បត់ជាតិ កឹម សុខា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នៃកម្ពុជាជាធរមាន»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេបក្សប្រឆាំង រូបនេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបង្ហាញពីផែនការមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកំពុងគ្រប់គ្រងអំណាច ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក តាមរយៈវីដេអូមួយនៅលើបណ្តាញព័ត៌មាន CBN ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ ក្នុងវីដេអូនេះ លោក កឹម សុខា បានបង្ហាញពីផែនការជាច្រើនដែលផ្តល់គំនិត និងបង្ហាត់បង្រៀនដោយសហរដ្ឋអាមេរិកតាំងពី ឆ្នាំ១៩៩៣មកម្ល៉េះ ក្នុងការប្រើអំណាចមហាជនឆ្ពោះទៅរកការក្តោបក្តាប់អំណាច។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់ សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ របស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។ ក្រោយការចាប់ខ្លួនលោក កឹម សុខា ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ ត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំដែលមាន ចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕