(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ទៅបក្សប្រឆាំងឲ្យពិនិត្យមើលពាក្យសម្បថរបស់ខ្លួនឯង ដែលចូលស្បថនៅចំពោះព្រះភ័ក្រ ព្រះមហាក្សត្រ ចំពោះឆ្វេតឆ័ត្រ ចំពោះព្រះសង្ឃរាជទាំង២គណៈ គឺសុទ្ធតែបញ្ជាក់បង្ហាញមិនឲ្យពួកបរទេសមកបង្គាប់បញ្ជាគោលនយោបាយទាំងក្នុង និងក្រៅប្រទេស។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីដ៏មានឥទិ្ធពល របស់កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពាក្យសម្បថមើលឲ្យច្បាស់អ្នកដែលចូលស្បថ នៅចំពោះព្រះភ័ក្រ ព្រះមហាក្សត្រ ចំពោះឆ្វេតឆ័ត្រ ចំពោះព្រះសង្ឃរាជទាំង២គណៈ សុទ្ធតែបញ្ជាក់បង្ហាញអំពីការដែលមិនឲ្យពួកបរទេស មកបង្គាប់បញ្ជាគោលនយោបាយទាំងក្នុង និងក្រៅប្រទេស»។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រឆាំង គឺខុសហើយ ដោយសារតែបុគ្គលរូបនេះ ស្ដាប់បង្គាប់បរទេស ធ្វើតាមបរទេស និងបម្រើបរទេសយ៉ាងដាច់ខាត តើស្មារតីជាតិនិយមនៅកន្លែងណា បានទៅជាអំពាវនាវឲ្យគេមកជាន់ឈ្លី អធិបតេយ្យរបស់យើងបែបនេះ ដូច្នេះការចាប់ខ្លួនត្រូវធ្វើ ភ្លាមអត់មានបង្អង់ទេ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕