(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗ និងហាមគណបក្សសង្រ្គោះជាតិ កុំឲ្យការពារលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវរាជរដ្ឋាភិបាលចាត់ជាបុគ្គលក្បត់ជាតិនោះ ព្រោះអាចនឹងធ្វើឲ្យបក្សប្រឈមនឹងការ រំលាយចោល។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

ការប្រកាសហាមប្រាមគណបក្សសង្រ្គោះជាតិកុំឲ្យចេញមុខការពារបុគ្គល កឹម សុខា បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតប្រមាណជា ៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោសក្បត់ជាតិ គឺជាទោសធ្ងន់ធ្ងរ ជាងទោសអ្វីៗទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «បើបក្សចេញមុខមកការពារបុគ្គល បក្សក៏ត្រូវប្រឈមនឹងការរំលាយចោលដែរ[...]។ [...] កុំថាប្រទេសនេះផ្តាច់ការអត់ទេ! រដ្ឋអធិបតេយ្យមួយមិនអាចឲ្យបរទេសមកធ្វើរបៀបនេះទេ នេះជាអំពើក្បត់ជាតិ យកផលប្រយោជន៍ ជាតិឲ្យបរទេស អ្វីៗដើម្បីតែផ្តួលរំលំឡើងកាន់អំណាចខ្លួនឯង។ អាមេរិកាំងធ្លាប់ធ្វើរឿងនេះជាមួយ លន់ នល់ អាមេរិកាំងក៏ធ្វើរឿងនេះ ជាមួយ កឹម សុខា ទៀត[...]»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងាត់ទុកឲ្យតុលាការចាត់ការ ទៅតាមច្បាប់ចំពោះ ទង្វើក្បត់ជាតិរបស់លោក កឹម សុខា ព្រមទាំងអំពាវនាវប្រទេសអាមេរិក និងបណ្តាប្រទេសដទៃទៀតកុំឲ្យលូកដៃ ចូលអន្តរាគមន៍ក្នុងករណី របស់លោក កឹម សុខា នេះ។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាមួយសំឡេងធ្ងន់ៗបែបនេះ «បងប្អូនជនរួមសូមមេត្តារក្សាភាពស្ងប់ស្ងាត់ ទុកឲ្យតុលាការចាត់ការ តាមផ្លូវច្បាប់។ មិនអាចទុកឲ្យអំពើក្បត់ជាតិបែបនេះកើតមាននៅលើទឹកដីកម្ពុជាជាថ្មីម្តងទៀតទេ យើងឈឺចាប់លើសពីការគ្រប់គ្រាន់ ទៅហើយ។ ប្រជាពលរដ្ឋយើងឈឺចាប់ណាស់ទៅហើយ ល្មមផ្តល់ឲ្យពួកគាត់នូវសេចក្តីសុខ គ្រាន់តែស្អប់ ហ៊ុន សែន ម្នាក់ ឬស្អប់គណបក្សប្រជាជនកម្ពុជា អ្នកឯងនាំបរទេសមករកវិធីសាស្រ្តផ្តួលរំលំ ហើយខ្ញុំអំពាវនាវចំពោះសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត កុំលូកដៃជាមួយកិច្ចការទាំងឡាយដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងផលប្រយោជន៍របស់ជាតិកម្ពុជា ទោសក្បត់ជាតិ គឺជាទោសធ្ងន់ជាងគេក្នុងចំណោមទោសទាំងអស់»។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញក្រោយពីមាន ការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ត្រពាំងថ្លុងស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕