(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងផែនការក្បត់ជាតិចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅពេលនេះ គឺជាការទូទាត់បញ្ជីពីមុនរហូតដល់ចប់ ហើយសម្ដេចក៏បានបញ្ជាក់ជាសាធារណៈថា បាតដៃទី៣ នៅពីក្រោយរឿងរ៉ាវទាំងនេះ គឺប្រទេសអាមេរិក។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីដ៏មានឥទិ្ធពល របស់កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចព្រឹត្តិការណ៍ស្លាប់មនុស្សនៅតាមផ្លូវវែងស្រេង អ្វីៗទាំងអស់មនុស្សនេះ អ្នកក៏កសាងដូច្នេះការចាប់ខ្លូននៅពេលនេះ គឺជាការទូទាត់បញ្ជីពីដើមដល់ចប់ ហើយបាតដៃពីក្រោយវានៅតែដដែល គឺអាមេរិកកាំង អំពើក្បត់ជាតិឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺតម្រូវឲ្យមានការ ចាប់ខ្លួនភ្លាម»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅបក្សប្រឆាំងឲ្យពិនិត្យមើលពាក្យសម្បថរបស់ខ្លួនឯង ដែលចូលស្បថនៅចំពោះព្រះភ័ក្រ ព្រះមហាក្សត្រ ចំពោះឆ្វេតឆ័ត្រ ចំពោះព្រះសង្ឃរាជទាំង២គណៈ គឺសុទ្ធតែបញ្ជាក់បង្ហាញមិនឲ្យពួកបរទេសមកបង្គាប់បញ្ជាគោលនយោបាយទាំងក្នុង និងក្រៅប្រទេស។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រឆាំង គឺខុសហើយ ដោយសារតែបុគ្គលរូបនេះ ស្ដាប់បង្គាប់បរទេស ធ្វើតាមបរទេស និងបម្រើបរទេសយ៉ាងដាច់ខាត តើស្មារតីជាតិនិយមនៅកន្លែងណា បានទៅជាអំពាវនាវឲ្យគេមកជាន់ឈ្លី អធិបតេយ្យរបស់យើងបែបនេះ ដូច្នេះការចាប់ខ្លួនត្រូវធ្វើ ភ្លាមអត់មានបង្អង់ទេ។
សូមបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៣ រហូតមានការប្រកាសលទ្ធផលជាផ្លូវការ ដោយគ.ជ.ប ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អសនៈ ប៉ុន្ដែលទ្ធផលទាំងនេះ មិនត្រូវបានបក្សប្រឆាំងទទួលយកនោះឡើយ រហូតដឹកនាំធ្វើបាតុកម្មទាំងថ្ងៃ ទាំងយប់ ដឹកនាំដោយ សម រង្ស៊ី និងកឹម សុខា បណ្ដាលឲ្យមានភាពវឹកវរយ៉ាងខ្លាំងក្នុងសង្គម។
ការដឹកនាំធ្វើបាតុកម្មនេះ ក៏ឈានទៅដល់ព្រឹត្តិការណ៍ផ្ទុះអំពើហិង្សា រវាងក្រុមសមត្ថកិច្ច និងជនបង្កអនាធិបតេយ្យ តាមបណ្ដោយផ្លូវវែងស្រេង មានស្លាប់ និងរបួសទៀតផង។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕