(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ទង្វើរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅពេលនេះ មិនខុសអ្វីពីទង្វើរបស់ លោកសេនាប្រមុខ លន់ នល់ ដែលនាំគ្រាប់បែកដ៏ធំមួយមកកម្ពុជានោះទេ។

នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកពេជ្រ ស្រស់ បានគូសបញ្ជាក់ថា «លោក កឹម សុខា វង្វេងនយោបាយហើយ ច្បាប់គឺច្បាប់ មិនអាចយកប្រជាប្រិយភាព មករំលោភច្បាប់បានទេ។ ទង្វើររបស់លោក កឹម សុខ នៅពេលនេះ មិនខុសអីពីទង្វើរ លន់ ណុល ទីពីរនោះទេ ពោលគឺលោក កឹម សុខា ឆ្ពោះទៅនាំយកគ្រាប់បែកធុនធំៗ មកទម្លាក់នៅក្នុងប្រទេស កម្ពុជាម្តងទៀត»

ការលើកឡើងរបស់ លោកពេជ្រ ស្រស់ បែបនេះ បានធ្វើឡើងបន្ទាប់ពី មានវិដេអូមួយ បង្ហាញថា មេបក្សប្រឆាំងមួយនេះបានបង្ហាញ ពីផែនការមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកំពុងគ្រប់គ្រងអំណាច ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ក្រោយពីបែកធ្លាយនូវវីដេអូនេះ លោក កឹម សុខា ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ០០៖៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕