(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗ និងបញ្ជាក់ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់មិញ ពាក់ព័ន្ធនឹងទៅផែនការក្បត់ជាតិ ហើយសម្ដេចក៏បានព្រមានទៅបរទេសទាំងឡាយ មិនឲ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីដ៏មានឥទិ្ធពលរបស់កម្ពុជា និងដឹកនាំប្រទេសរយៈពេលជិត៤០ឆ្នាំមកនេះ ធ្វើឲ្យមានសន្ដិភាពពេញលេញបរិបូណ បានបញ្ជាក់យ៉ាងខ្លាំងៗថា «ហេតុអីបានយើងត្រូវចាប់ បើគ្មានរឿងធ្ងន់ធ្ងរយើងមិនត្រូវចាប់ធ្វើអីទេ តែរឿងនេះវាធ្ងន់ពេកហើយវាក៏កំពុងឈានជាបណ្ដើរៗហើយ ហើយយើងក៏កំពុងស្វែងរក អាបាតដៃទី៣ ជានរណា ឥលូវយើងរកឃើញអាបាតដៃទី៣ហើយ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា នៅព្រឹកមិញនេះ បានបញ្ចាំងគ្រប់ទូរទស្សន៍ហើយ ...ស្ថានទម្ងន់វាកាន់តែធ្ងន់ហើយ ប៉ុន្ដែរឿងនេះជារឿងក្បត់ជាតិ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវតម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលបាតដៃទី៣ អ្នកបាតដៃដែលធ្លាប់ប្រើលន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតខ្ញុំនឹង ចាក់ឲ្យស្ដាប់ទាំងអស់គ្នា»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕