(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងថា ការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា គឺជាវិធានការផ្លូវច្បាប់ចំពោះជនក្បត់ជាតិ ហើយថ្លែងថា ជនណា ឬក្រុមណាមួយ ដែលចេញមុខការពារជនក្បត់ជាតិនោះ ក៏ចាត់ទុកថាក្បត់ជាតិដូចគ្នាដែរ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចបែបនេះ បានធ្វើឡើងបន្ទាប់ពី សមត្ថកិច្ច បានចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កាលពីវេលាម៉ោងប្រមាណ ១២៖៣៥នាទី យប់រំលងអាធ្រាត្រឈានចូឡថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលបង្ហាញថា ប្រធានគណបក្សប្រឆាំងនេះ បានអនុវត្តតាមការបង្គាប់របស់សហរដ្ឋអាមេរិក ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមោទនភាពបុគ្គលហួសហេតុ គ្មានគូប្រៀប និយាយគ្មានគិតក្រែង នៅមិននៅនិយាយបង្ហញសាធារណជនទូទៅពីឯកសារក្បត់ជាតិច្បាស់ក្រឡែតនូវអំពើក្បត់ជាតិរបស់ខ្លួន មិនអាចប្រកែកបានជាដាច់ខាត។ ដូច្នេះការដែលសមត្ថកិច្ចចាប់ខ្លួនប្រធានគណបក្សប្រឆាំងនៅពេលនេះ គឺជាវិធានការណ៍ច្បាប់ ជាការបង្ក្រាបអំពើវិទ្ធង្សនាបំផ្លិចបំផ្លាញជាតិយ៉ាងជាក់ស្តែង ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ជនណាឬក្រុមជនណាការពារជនក្បត់ជាតិ ក៏ក្បត់ជាតិដែរ»។
លោកបានបញ្ជាក់ទៀតថា ប្រធានគណបក្សប្រឆាំងនេះ បានទៅពឹងពាក់ចារកម្មអន្តរជាតិ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងគណបក្សប្រកួតប្រជែងដើម្បីអំណាច ផ្ទុយពីច្បាប់ព្រហ្មទណ្ឌ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលនឹងនាំប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕