(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ នៅពាក់កណ្ដាលអាធ្រាត្រចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រុកទៅផ្ទះលោក កឹម សុខា ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយចូលទៅចាប់ខ្លួនដោយវាយខ្នោះដៃទៅក្រោយ ពាក់ព័ន្ធនឹងផែនការក្បត់ជាតិ គាំទ្រដោយអាមេរិក ចង់ផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះពីក្នុងផ្ទះ រួចបណ្ដើរចូលក្នុងរថយន្ដដែលឈប់ចាំនៅខាងមុខផ្ទះរូចជាស្រេច ហើយបន្ដដឹកចេញឆ្ពោះទៅកាន់ពន្ធធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ភ្លាមៗតែម្ដង រហូតដល់ម៉ោងជាង៣ទាបភ្លឺ ក្បូនរថយន្ដដឹកលោក កឹម សុខា បានទៅដល់ពន្ធធនាគារ។
ភ្លាមៗក្រោយការចាប់ខ្លួនលោក កឹម សុខា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត។
ជាមួយគ្នានេះនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ មេបញ្ជាការ និងកងទ័ពជាច្រើនស្ថាប័នបានចេញមកជាបន្តបន្ទាប់ គាំទ្រចំណាត់ការនៃការចាប់ខ្លួនលោក កឹម សុខា និងប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរផងដែរ ដែលបានរៀបចំផែនការក្បត់ជាតិខ្លួនឯងនេះ ដោយមានអាមេរិកនៅពីក្រោយខ្នង៕