(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងកម្លាំងយោធានៅក្រោមឱវាទទាំងអស់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសគាំទ្រដល់ចំណាត់ការរបស់សមត្ថកិច្ច ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិពាក់ព័ន្ធនឹងករណីក្បត់ជាតិ ដោយឃុបឃិតជាមួយ សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយដើម្បីទប់ស្កាត់ភាពវឹកវរ និងមហន្តរាយចំពោះសង្គជាតិ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះបុគ្គល កឹម សុខា ក្រោយពីមានវីដេអូមួយបង្ហាញថា មេបក្សប្រឆាំងមួយនេះ បានបង្ហាញពីផែនការមួយចំនួន ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា កំពុងគ្រប់គ្រងអំណាចដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា «ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នូវទង្វើនេះក្បត់ជាតិ ដោយមិនអាចអត់អោនបាននោះទេ បន្ទាប់ពីវីដេអូក្លីបដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅ ប្រទេសអូស្ត្រាលី បានបង្ហោះឲ្យឃើញច្បាស់នូវផែនការសម្ងាត់ នៃការចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយឃុបឃិតជាមួយបរទេស។ យើងខ្ញុំជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហារង និងពលទាហានទាំងអស់ នឹងមិនស្ងប់ចិត្តឡើយប្រសិនបើបណ្តោយឲ្យជនមួយចំនួនតូចបន្ត សកម្មភាពដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ ហើយក៏មិនលើកលែងឲ្យជនទាំងនោះ រួចពីផុតពីសំណាញ់ច្បាប់ឡើយ។ យើងខ្ញុំទាំងអស់គ្នា ក៏សូមបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលបានកំពុងអភិវឌ្ឍន៍ប្រទេស ឲ្យមានសុខសន្តិភាពពេញលេញនេះផងដែរ»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិបែបនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត៕