(ត្បូងឃ្មុំ)៖ នៅក្នុងឱកាសដែលបងប្អូនខ្មែរឥស្លាមប្រារពពិធីបុណ្យ រ៉យ៉ាហាជ្ជិ ដែលជាបុណ្យដ៏ធំរបស់សាសនិកឥស្លាម​​នៅក្នុង​ពិភពលោក លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ បានជួបសំនេះសំណាលជាមួយ បងប្អូនខ្មែរឥស្លាមមកពីស្រុកត្បូងឃ្មុំ នៅភូមិវិហារសំបូរ ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧកញ៉ា លីវាសនា និងលោកស្រី ម៉ាន ម៉ារីយ៉ាន បាននាំយកសត្វគោវចំនួន៥៤ ក្បាល និងពពែ១០ ក្បាលតាមរយៈអង្គការមូលនិធិមូស្លីមកម្ពុជា និងអង្គការសម្ព័នបញ្ញវន្តមូស្លីមកម្ពុជា ហើយលោកឧកញ៉ និងលោកស្រីក៏បានផ្តល់ថវិកាមួយចំនួន ទៅប្រគល់ជូនតំណាងបងប្អូនខ្មែរឥស្លាម ដើម្បីអបអរសារទរពិធីបុណ្យរ៉យ៉ាហាជ្ជិផងដែរ ។

លោក លី ឡេង បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបងប្អូនខ្មែរឥស្លាម ដោយផ្តល់សិទ្ធិគ្រប់បែបយ៉ាង ទាំងខាងជំនឿសាសនា ការសិក្សារៀនសូត្រ និងការប្រតិបត្តិផ្សេងៗ ។ ជាការតបស្នងឃើញថា បងប្អូនខ្មែរឥស្លាមបានផ្តល់ទំនុកចិត្តមកវិញ នូវការជឿជាក់គាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាមិនដែលរារែកឡើយ ។

នៅក្នុងឱកាសនោះដែរ លោកស្រី ម៉ាត់ ម៉ារ៉ា ក៏បានលើកឡើងដែថា ថ្ងៃនេះពិតជាពិសិដ្ឋណាស់ដែលបងប្អូនខ្មែរ​ ឥស្លាមមានឱកាសប្រារព្ធពិធីបុណ្យ​តាមបែបសាសនារបស់ខ្លួន ការប្រារព្ធទៅបានដូចពេលនេះ គឺដោយសារតែរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ បានផ្តល់សេរីគ្រប់បែបយ៉ាង មិនថាតែខ្មែឥស្លាមនោះទេពោលគ្រប់ជាតិសាសន៍ និងគ្រប់និន្នាការនយោបាយ ។

ជាមួយគ្នានោះលោក ឧកញ៉ា លី វាសនា ក៏បានលើកឡើងដែរថា ដើម្បីរួមចំណែកដល់ការចំណាយរបស់បងប្អូនក្នុងឱកាសស្រាយបួស នាពិធីបុណ្យ រ៉យ៉ាហាជ្ជិ លោកនិង លោកស្រីនម៉ាន ម៉ារីយ៉ាន បានគៀងគរសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មានមកពីប្រទេសម៉ាឡេស៊ី តំណាងដោយ Ustazah Rahmah Binti MD Isa និង លោក Hj. Harun តំណាងឲ្យ Ustaz Hafiz MD Rafiee និង សប្បុរសជនប្រទេសសិង្ហបូរីនាំយកថវិកា និងសត្វគោ ពពែ មកចែកជូនបងប្អូននាឱកាសនេះ។ តាមរយៈអង្គការ វាសនាម៉ារីយ៉ាអភិវឌ្ឍន៍​សេដ្ឋកិច្ចដល់ជនក្រីក្រ និងអង្គការមូលនិធិមូស្លីមកម្ពុជា និងបន្តគៀងគរសប្បុរសជនជាបន្តទៀតដើម្បីជួយដល់ដល់បងប្អូនខ្មែរឥស្លាមបន្តទៀត៕