(ភ្នំពេញ)៖ ​ឆ្លើយតបជាមួយចំណុចដែលព្រះសង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីកាតាមរយៈវិទ្យុអាស៊ីសេរីថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបន្ទាបបន្ថោកសពលោកបណ្ឌិត កែម ឡី នៅក្នុងយុទ្ធនាការប្រមូលថវិកាសាងសង់ចេតិយសពលោកបណ្ឌិត កែម ឡី​, លោក ពេជ្រ ស្រស់ បានសម្ដែងនូវការ ប្រតិកម្មយ៉ាងខ្លាំងៗ រហូតឈានដល់បបួលព្រះសង្ឃ ប៊ុត ប៊ុនតិញ ទៅស្បថនៅមុខផ្នូរលោកបណ្ឌិតថែមទៀតផង។

ជុំវិញការចោទប្រកាន់នេះ, លោក ពេជ្រ ស្រស់ បានប្រកាសបបួលព្រះអង្គ ប៊ុត ប៊ុនតិញ ទៅស្បថឲ្យស្លាប់ភ្លាមៗ នៅមុខផ្នូរលោកបណ្ឌិត កែម ឡី នៅស្រុកកំណើត ខេត្តតាកែវ ដែលបានចោទប្រកាន់មកលើលោកថា កំពុងបន្ថោកសពលោក កែម ឡី ក្នុងយុទ្ធនាការរ៉ៃអង្គាស៍ប្រាក់រយៈពេល៣០ថ្ងៃ ដោយចោទថា «ពេជ្រ ស្រស់ ទៅធ្វើការសាមញ្ញៗ និងជាមួយមឈូសខ្មោច»។ លោក ពេជ្រ ស្រស់ បានអះអាងថា លោកមិនអាចទទួលយកបានឡើយ ចំពោះការចោទប្រកាន់មកលើ រូបលោក។ តើយុទ្ធនាការ៣០ថ្ងៃរបស់លោកដើម្បីរ៉ៃអង្គាសប្រាក់ចូលរួមកសាងចេតិយជូនលោកប​ណ្ឌិត កែម ឡី ខុសដែរឬ ទើបមានសង្ឃដីកាបែបនេះ?

តាមរយៈវីដេអូជិត២ម៉ោង ដែលបានចេញនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ បានថ្លែងទាំងកំពុងមានកំហឹងយ៉ាងដូច្នេះថា «​ព្រះអង្គមានសង្ឃដីកាថា ខ្ញុំ ពេជ្រ ស្រស់ ជាអ្នកបន្ថោកបន្ទៀប​​​​​កេរ្ដិ៍ឈ្មោះរបស់លោកបណ្ឌិត កែម ឡី ជាអន្លើរបើអាចនិយាយបានថា ព្រះអង្គមានសង្ឃដីកា បែបនេះ មិនមែនជាសង្ឃទេ ហើយក៏មិនមែនអ្នកនិយាយមានពាក្យសច្ចៈ ព្រះបានសង្ឃដីកា ប្រាសចាកឆ្ងាយណាស់ ពីទ្រឹះស្ដីរបស់ព្រះពុទ្ធ។ ព្រះអង្គហ៊ានទេ ដែលអុជធូបស្បថនៅមុខផ្នូររបស់លោកបណ្ឌិត កែម ឡី ហ៊ានជាមួយខ្ញុំករុណាទេ បើសិនព្រះអង្គហ៊ាន ព្រះអង្គ​អាចនិមន្ដពីអាមេរិកវិញ យើងទៅស្បថជាមួយគ្នា»។​

ប្រធានគណបក្សយុវជនកម្ពុជា បានពន្យល់ថា ​បើសិនជាព្រះអង្គ ប៊ុត ប៊ុនតិញ មិនបានចុះផ្ទាល់ដូចលោកទេ ព្រះអង្គកុំទាន់យកមនុស្ស២លាននាក់ ហើយមកវាយតម្លៃមនុស្ស១៥លាននាក់ ពីព្រោះថាកាលពីអ្នកមកហែរសពរបស់លោកបណ្ឌិត កែម ឡី គឺមានចំនួនប៉ាន់ស្មាន់ថា ២-៣លាននាក់ទេ​ ប៉ុន្ដែ​ប្រជាពលរដ្ឋខ្មែរឡើងទៅដល់១៥លាននាក់​ ចឹងព្រះអង្គកុំទាន់វាយតម្លៃថា ពលរដ្ឋទាំងអស់ស្គាល់លោកបណ្ឌិត កែម ឡី។

សូមស្តាប់ការចេញសេចក្តីថ្លែងការណ៍របស់លោក ពេជ្រ ស្រស់ និងការប្រតិកម្មខ្លាំងៗចំពោះព្រះសង្ឃ ប៊ុត ប៊ុនតិញ៖