(កំពត)៖ ក្រុមគ្រួសារសពយាយតាដែលត្រូវរថយន្តបុកស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូឌុបគ្នាដើររកទិញមាន់ទុកសែន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានដង្ហើយស្នើឲ្យអាជ្ញាធររកយុត្តិធម៌ជូនជនរងគ្រោះ និងផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់។

ខណៈកំពុងរៀបចំពិធីបុណ្យសព០៧ថ្ងៃលោកតា ទ្រី និងលោកយាយ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ នៅឃុំកំពង់ក្រែង ស្រុកទឹកឈូរ ខេត្តកំពត ក្រុមគ្រួសារសពបានទំនាក់ទំនងសុំឲ្យអង្គភាពព័ត៌មាន Fresh News ជួយផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យអាជ្ញាធរមាន​សមត្ថកិច្ចបានដឹងការពិតពីសាច់ញាតិសពផ្ទាល់ និងចាត់វិធានការចំពោះជនល្មើសដើម្បីរកយុត្តិធម៌​តាមផ្លូវច្បាប់ឲ្យក្រុមគ្រួសសារសព ដើម្បីឲ្យព្រលឹងសពបានទៅកាន់សុគតិភពដោយស្ងប់ចិត្ត។

យោងតាមកំណត់ហេតុរបស់មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពត បានឱ្យដឹងថា ជនបង្កហេតុបានបើករថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2AD-7918 បុកពីក្រោយជនរងគ្រោះយ៉ាងពេញទំហឹង ខណៈកំពុងជិះម៉ូតូឌុបគ្នាធ្វើដំណើរ​នៅលើដងផ្លូវក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅពេលជងរងគ្រោះក្នុងគោលបំណងដើររក​ទិញអីវ៉ាន់សម្រាប់ត្រៀមសែន។

កូនៗបង្កើតរបស់សព បានបង្ហើបឲ្យដឹងថា ជនបង្កហេតុអាចជាប់ខ្សែរស្រលាយជាមួយអ្នកធំ ហើយប្រហែលជាដោយសារ​មានអន្តរាគមន៍ពី​អ្នកមានអំណាចហើយដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចខ្លាចរអារ មានការលំបាកដល់ក្នុងការចាត់វិធាន​ការដោះស្រាយស្វែងរកយុត្តិធម៌ជូ​ន​សព​យាយតា និងក្រុមគ្រួសារ ដែលត្រូវបានអ្នកស្រុកស្រណោះខ្លាំង ដោយសារគាត់ទាំងពីរនាក់កាលពីនៅរស់មានសុខភាពល្អបរិបូរណ៍ កំពុងធ្វើការយ៉ាងមមាញឹកក្នុងកិច្ចការស្រែចំការ និងចេះយកអាសារដល់អ្នកជិតខាងផងនោះ។

កូនៗរបស់សពក៏បានអះអាងថា សពយាយតាខាងលើត្រូវបានជនឱកាសនិយមដោះយកចិញ្ចៀន លុយកាក់ និងសម្ភារៈមានតម្លៃមួយចំនួន​ទៀតដែលនៅជាប់ខ្លួនសព។

បន្ទាប់ពីរៀបចំពិធីបុណ្យសពរួចរាល់ហើយ ក្រុមគ្រួសារសពបានកំពុងរៀបចំបែបបទដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកំពត និងអំពាវនាវកុំឲ្យមានការអន្តរាគមន៍ដោះលែងជនល្មើសឲ្យស្ថិតនៅក្រៅសំណាញ់ច្បាប់៕