(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់
ជាតិចុះជួយស្រុកសន្ទុក បានស្នើឲ្យមន្ត្រីតាមមូលដ្ឋាននីមួយៗ ឲ្យបន្តការពាររាល់សមិទ្ធផលដែលមានស្រាប់ឲ្យគង់វង្ស ដើម្បីបន្ដសមិទ្ធផលនេះឲ្យកូនចៅជំនាន់ក្រោយបានដឹង និងស្គាល់ និងជម្រុញឲ្យមន្រ្ដីគ្រប់ជាន់ថ្នាក់ចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានគ្រប់តម្រូវការ និងទាន់ពេលវេលា។
ការថ្លែងស្នើសូមរបស់លោក ជា ចាន់តូ នេះធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួម ការផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំ
គណកម្មាធិការកណ្ដាលបើកទូលាយកិច្ចការពង្រឹងការងារបក្ស នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា ដើម្បីពង្រីកការដឹកនាំនិងឲ្យប្រជាពលរដ្ឋមានការគាំទ្រមកលើការដឹកនាំរបស់គណបក្ស
ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀត ពិសេសក្នុងការបោះឆ្នោតជ្រើសរើស
តំណាងរាស្ត្រអាណ្ណត្តិទី៦ បានជោគជ័យបាននោះត្រូវចាប់ផ្ដើមពីអំពើល្អរបស់មន្ត្រីម្នាក់ៗ។ ជាមួយគ្នានេះក៏ត្រូវខិតខំពង្រីក និងកសាងអភិវឌ្ឍន៍នូវសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីផ្ដល់នូវការជឿជាក់មកលើការដឹកនាំសម្ដេចតេជោ ហ៊ុន សែន។
លោក ជា ចាន់តូ នៅតែទទួចឲ្យមន្ត្រីបក្ស ទាំងអស់ ពិសេសយុវជនអ្នកបន្តវេនត្រូវមានសាមគ្គីភាពនិងត្រូវមានច្ឆន្ទៈឲ្យបាន
មោះមុតដោយធានាថាការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខត្រូវតែឈ្នះជាដាច់ខាតទោះបីជាត្រូវចំណាយ អស់កម្លាំងកាយចិត្ត និងក្នុងតម្លៃណាក៏ដោយដាច់ខាតត្រូវតែឈ្នះឲ្យបានដើម្បីសេចក្ដីសុខសាន្តសម្រាប់មនុស្សជំនាន់ក្រោយៗនិងសង្គមជាតិទាំងមូលឲ្យមានអនាគតរុងរឿងនិងមានការរីកចម្រើនប្រកបដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ។
នៅក្នុងនោះលោកក៏បានជម្រុញឲ្យមន្ត្រីក្រុមការងារចុះជួយតាមបណ្ដាមូលដ្ឋាននីមួយៗត្រូវយកពេលវេលាសម្រាកពីការងារស្នូលចុះមូលដ្ឋានខ្លួនឲ្យបានជាប្រចាំដើម្បីក្ដាប់ឲ្យបាននូវសភាពការណ៍ និងសំណូមពរប្រជាពលរដ្ឋ ពិសេសការបម្រើសេវាដែលជា
តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕