(ក្រចេះ)៖ ប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនក្នងរយៈពេលជិត១ខែសីហ ឆ្នាំ២០១៧​នេះ នៅទូទាំងខេត្តក្រចេះ កម្លាំងសមត្ថកិច្ចបានចាប់ជនសង្ស័យ ជាបន្តបន្ទាប់ចំនួន ៤៤នាក់ ព្រមទាំងដកហូតថ្នាំជាង៧០កញ្ចប់។ យុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏កក្រើក នៅទូទាំងខេត្តក្រចេះខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ​ បានបង្កើតមូលនិធិកាលពីថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០១៧​ កន្លងទៅ។

មន្រ្តីតុលាការខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអម សាលាដំបូងខេត្ត បានបង្ក្រាបយ៉ាងសកម្ម ដោយបានបំបែកករណីគ្រឿងញៀន ក្នុងនោះមានជនគ្រឿងញៀនប្រុសស្រីចំនួន៤៤នាក់ត្រូវចាប់ខ្លួន និងគ្រឿងញៀនចំនួន ជាង៧០កញ្ចប់តូចធំ។

មន្រ្តីនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្តក្រចេះ បានឲ្យដឹងថា មានជនជាមេខ្លោងគ្រឿងញៀនចំនួន៣នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពី លោក កែវ សុជាតិ ចុះធ្វើការស្រាវជ្រាវបង្រ្កាបបានកាលពីយប់ថ្ងៃទី១ ខែកញ្ញា នៅក្នុងលំនៅឋានមួយកន្លែង ក្នុងឃុំពង្ររ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាលបានឲ្យដឹងទៀតថា ជាមួយនិងប្រតិបត្តិការនេះ ក្រៅពីជនគ្រឿងញៀនជាមុខសញ្ញាជួញដូរធំចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះក៏មានគ្រឿងញៀនជាង កន្លះគីឡូក្រាម ក៏ត្រូវបានឆែកឆេររកឃើញផងដែរ។ ជនសង្ស័យប្រុសស្រីលើករណីគ្រឿងញៀន ទ្រង់ទ្រាយធំ ដែលត្រូវបានឃាត់ខ្លួននេះ រួមមាន៖ទី១.ឈ្មោះ ចឹប ហ៊ាន ភេទស្រី អាយុ៣៨ឆ្នាំ ទី២.យូ សុខចន្ថា ហៅចក់ អាយុ៤១ឆ្នាំ និងទី៣. យូ គុន្ឋវណ្ណឌី ហៅ ធំ អាយុ២៧ឆ្នាំ។

ព្រះរាជអាជ្ញារងអមសាលាដំបូខេត្តលោក​ ធុច​ បញ្ចសន្តិភាព​ និងលោក ជា សុភក្រ្ក លោក ទុត វិនីត ដែលបានដឹកនាំកម្លាំងនគរបាល បានបើកប្រតិបត្តិការស្រាវជ្រាវ បង្រ្កាបបានឲ្យដឹងថា ក្រោយការចុះស្រាវជ្រាវ និងស៊ើបអង្កេត កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រីទាំង៣នាក់ នេះ ជាមួយនិងគ្រឿងញៀនទំងន់ជិត៧ខាំ។

ជនមេខ្លោងគ្រឿងញៀនប្រុសស្រីទាំង៣នាក់ កំពុងតែឃាត់ខ្លួន និងបន្តការសាកសួរ ពីកម្លាំងជំនាញនគរបាលការិយាល័យប្រឆាំការជួញគ្រឿងញៀនខេត្ត ដើម្បីបន្តនីតិវិធី៕