(សៀមរាប)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានណែនាំប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ត្រូវពង្រឹងកិច្ចសហការគ្រប់គ្រងដីបំរុងទុកសម្រាប់គោលដៅដីសម្បទានរបស់រដ្ឋ ក្នុងទីតាំងដែលមានក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងកំពង់ធំ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ទេរ និងប្រគល់សិទ្ធិជូនគណៈបញ្ជាការឯកភាពខេត្តកន្លងមក។
ការណែនាំបានធ្វើឡើងក្នុងពេលលោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រជុំបូកសរុបត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជនរយៈពេល ៨ខែ ឆ្នាំ២០១៧ របស់បណ្តាខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានយោធភូមិភាគ៤។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនយោធភូមិភាគ៤ថា ត្រូវសហការជាមួយគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្ត ដើម្បីផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារដែលក្រីក្រពិតប្រាកដ ដែលបានស្នើសុំ ដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ២០០៩ កន្លងមក មាននៅខេត្តសៀមរាប ១,៣៧៦គ្រួសារ ខេត្តឧត្តរមានជ័យ ៥១៣គ្រួសារ ខេត្តព្រះវិហារ ២០៩គ្រួសារ និងកំពង់ធំ ៤៣៤គ្រួសារ ដើម្បីសមាគមពិនិត្យដោះស្រាយជូនបងប្អូនអតីតយុទ្ធជន។
តាមរបាយការណ៍របស់លេខាធិការដ្ឋានយោធភូមិភាគ៤ បានឲ្យដឹងថា មានអតីតយុទ្ធជនទ័លលំបាក ដែលមានដី តែមានផ្ទះទ្រុឌទ្រោម មិនសមរម្យចំនួន ២៧៦គ្រួសារ អ្នកដែលអត់ទាំងដីទាំងផ្ទះ ៣៩៤គ្រួសារ និងរស់លើដីសាធារណៈ ៤៣៧គ្រួសារ។
នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា «បងប្អូនទាំងនេះ សុទ្ធតែជាអ្នកមានគុណបំណាច់ចំពោះជាតិ ប៉ុន្តែជីវភាពរស់នៅរបស់បងប្អូន ជាទូទៅមិនដូចគ្នាទេ។ ភាគច្រើន សុខភាពទ្រុឌទ្រោម ហើយទ័លក្រលំបាកណាស់។ នោះគឺជាក្តិកង្វល់ និងជាបន្ទុកធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់សមាគម ដែលចាំបាច់ត្រូវរិះរកគ្រប់លទ្ធភាព វិធានការ និងមធ្យោបាយ ក្នុងការដោះស្រាយសំរាលទុក្ខលំបាករបស់បងប្អូន ពិសេសការផ្តល់ទីជម្រកសមរម្យ ជូនអ្នកដែលមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនស្រាប់ និងស្នើសុំសម្តេចតេជោ ផ្តល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលក្រលំបាកពិតប្រាកដ ដើម្បីមានផ្ទះស្នាក់នៅ និងមានដីបង្កបង្កើនផលដោះស្រាយជីវភាព»។
នៅរសៀលថ្ងៃដដែលនោះ នាយឧត្តមសេនីយ គន់ គីម បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ សៅ ចិន្តា ជាជនពិការនៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប ហើយបានឧបត្ថម្ភសំភារៈដំណេក និងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនទ័លក្រ ក្នុងយោធភូមិភាគទី៤ បានសរុបចំនួន៩៦ខ្នង ក្នុងនេះ នៅខេត្តសៀមរាប ១៥ខ្នង ព្រះវិហារ ១២ខ្នង កំពង់ធំ ៤៣ខ្នង និងឧត្តរមានជ័យ ២៦ខ្នង៕