(ភ្នំពេញ)៖ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់ អង្គភាពអគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរមានសមត្ថកិច្ច ឱ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួន ចំពោះសារព័ត៌មានដែលមិនបង់ពន្ធស្របតាមច្បាប់ និងដោយស្មើភាព ជៀសវាងការគេចវេស កាតព្វកិច្ចបង់ពន្ធ ដែលបង្កើតបរិយាកាសអាជីវកម្មមិនស្មើភាពនិងជាអំពើខុសច្បាប់។ ជាមួយគ្នានេះ សសសក ក៏បានអំពាវនាវដល់ សារព័ត៌មានទាំងអស់ ដែលកំពុងដំណើរការនៅកម្ពុជា សូមជៀសវាងធ្វើជាឧបករណ៍ផ្សព្វផ្សាយនយោបាយពិសពុល មនោគមន៍វិជ្ជាទុច្ចរិត ដែលធ្វើឲ្យបែកបាក់ក្នុងចំណោម ប្រជាជនកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ស.ស.ស.ក បានបញ្ជាក់ថា «សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏តាមដានដោយយកចិត្តទុកដាក់អំពីការអនុវត្តន៍វិធានការយកពន្ធលើអាជីវកម្ម ដែលក្នុងនោះក៏រួមមានទាំងការយកពន្ធតាមច្បាប់កំណត់លើអាជីវកម្មក្នុងវិស័យសារព័ត៌មានផងដែរ។ ស.ស.ស.ក
សូមអំពាវនាវដល់អង្គភាពអគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរមានសមត្ថកិច្ច សូមអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ និងដោយស្មើភាព ជៀសវាងការគេចវេសកាតព្វកិច្ចបង់ពន្ធ ដែលបង្កើតបរិយាកាសអាជីវកម្មមិនស្មើភាពនិងជាអំពើខុសច្បាប់។ ការគេចវេសមិនបង់ពន្ធ ក៏មិនគប្បីផ្សាភ្ជាប់បញ្ហានយោបាយឬលើសពីនេះទេ ដរាបណាអាជីវកម្មនោះពិតជាបានបង្កប់ សារជាតិបម្រើឲ្យនយោបាយទុច្ចរិតពិតមែន»។

ស.ស.ស.ក ក៏បានបន្ថែមទៀតថា «សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់ម្ចាស់អង្គភាពសារព័ត៌មាន នាយកគ្រប់គ្រងនិងអ្នកសារព័ត៌មានទាំងអស់ រួមទាំងអង្គភាពសារព័ត៌មានបរទេសផងដែលកំពុងដំណើរការនៅក្នុងអធិបតេយ្យនៃប្រទេសកម្ពុជា ត្រូវបន្តប្រកាន់ឧត្តមគតិសីលធម៌វិជ្ជាជីវៈឲ្យបានខ្ពស់ និងត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាឲ្យបានខ្ពស់បំផុត ដោយត្រូវគោរពច្បាប់ ព្រមទាំងគោរពឯករាជ្យភាពនិងអធិបតេយ្យរបស់ប្រទេសកម្ពុជា»។

ស.ស.ស.ក បានបន្តថា «សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់អង្គភាពសារព័ត៌មានទាំងអស់រួមទាំងសារព័ត៌មានបរទេសដែលកំពុងដំណើរការនៅក្នុងអធិបតេយ្យនៃប្រទេសកម្ពុជា សូមជៀសវាងធ្វើជាឧបករណ៍ផ្សព្វផ្សាយនយោបាយពិសពុល មនោគមន៍វិជ្ជាទុច្ចរិត ជៀសវាងបណ្តុះភាសាអសីលធម៌ ខ្លឹមសារញុះញុងដែលធ្វើឲ្យបែកបាក់ក្នុងចំណោមប្រជាជនកម្ពុជា។ បញ្ហារបស់អង្គភាពសារព័ត៌មានមួយណានោះ មិនគួរគប្បីធ្វើឲ្យអាប់ឱនដល់សេរីភាពសារព័ត៌មាននៅកម្ពុជាជាង១៣០០ អង្គភាពដែលរួមមាន៖ គេហទំព័រ ទស្សនាវដ្តី កាសែត វិទ្យុ និងទូរទស្សន៍ ដែលកំពុងបំពេញតួនាទីត្រឹមត្រូវនៅកម្ពុជានោះទេ។ បញ្ហាអយុត្តិធម៌សង្គម មិនអាចដោះស្រាយបានក្នុងពេលសង្គមមួយមានសង្គ្រាមនោះទេ ហើយក៏គ្មានសេរីភាពសារព័ត៌មាននៅក្នុងប្រទេសមួយដែលកំពុងមានសង្គ្រាមនោះដែរ។ សេរីភាពសារព័ត៌មាន ត្រូវតែផ្សាភ្ជាប់គោលបំណងនិងខ្លឹមសារនៃការផ្សព្វផ្សាយដែលរួមចំណែកដល់ការលើកកម្ពស់ ការសម្រេចចិត្តជាវិជ្ជមាន ស្ថិរភាពសង្គម និរន្តរ៍ភាពសន្តិភាព និងគុណភាពប្រជាធិបតេយ្យ»។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ ស.ស.ស.ក៖