(ភ្នំពេញ)៖ អំពើឃាតកម្មមួយដែលមហាជនចាត់ទុកថា ឃោឃៅបំផុតនោះ គឺឪពុកចិត្តអប្រិយលើកដៃ ប្រហារកូនស្រីបង្កើតរបស់ខ្លួន ស្លាប់យ៉ាងអណោចអាធ័ម ដោយយកខ្សែរឹតក។
ករណីឃាតកម្មនេះ កើតឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីដែលឪពុកលើដៃប្រហារនោះ ឈ្មោះ សំណាង ចរិយា អាយុ២ឆ្នាំ បានស្លាប់ ដោយមានខ្សែរឹតជាប់ក។
មន្ដ្រីនគរបាលបញ្ជាក់ថា បើតាមការឆ្លើយបំភ្លឺរបស់សាក្សី ត្រូវជាម្តាយមីងជនរងគ្រោះ បានឆ្លើយថា ឪពុកក្មេងស្រីឈ្មោះ អេង សំណាង អាយុ២២ឆ្នាំ ប៉ុន្ដែម្តាយបានលែងលះគ្នា នៅឯខេត្តស្វាយរៀង បានពីរថ្ងៃហើយ រួចឪពុកក៏យកកូនស្រីនោះ មករស់នៅជាមួយបន្ទប់ជួលកើតហេតុ ហើយនៅថ្ងៃនេះ ស្រាប់តែកើតហេតុការអាក្រក់នេះតែម្ដង។
ក្រោយកើតហេតុឪពុកដែលជាឃាតករនោះ បានរត់គេចខ្លួនបាត់ស្រមោល ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕