(ភ្នំពេញ)៖ ឆ្លើយតបនឹងសង្ឃដីការបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានតាមរយៈវិទ្យុអាស៊ីសេរីថា យុទ្ធនាការរយៈពេល៣០ថ្ងៃ របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដើម្បីរ៉ៃអង្គាសថវិកាកសាងចេតិយ ជូនសពលោកបណ្ឌិត កែម ឡី ជារឿងអាថកំបាំងនោះ, លោក ពេជ្រ ស្រស់ បានលើកឡើងថា យុទ្ធនាការដែលលោកបង្កើតនេះមិនអាថ៌កំបាំងទេ តែអ្វីដែលអាថ៌កំបាំងនោះ គឺលុយដែលព្រះអង្គ រ៉ៃអង្គាសពីបរទេសមក មិនដែលឃើញលាតត្រដាង ប្រាប់បងប្អូនប្រជាពលរដ្ឋនោះទេ ទើបជារឿងអាថកំបាំង។
ថ្លែងក្នុងវីដេអូ ដែលចេញនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ «ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូល លុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថកំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ»។
ប្រធានគណបក្សយុវជនកម្ពុជា បញ្ជាក់ថា «នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ»។
ក្រៅឲ្យព្រះសង្ឃ ប៊ុត ប៊ុនតិញ លាតត្រដាងលុយដែលប្រមូលបាននោះ លោក ពេជ្រ ស្រស់ ក៏បានបន្ថែមថា មុននឹងព្រះអង្គមានសង្ឃដីកាអ្វីនោះត្រូវឲ្យមានភស្ដុតាង ច្បាស់លាស់ កុំចេះតែចោទប្រកាន់ដល់អ្នកដទៃបែបនេះ ប្រយ័ត្នធ្លាក់នរក ហើយបើធ្លាក់នរកវិញ គឺខ្លាំងជាងមនុស្សសាមញ្ញដែលមិនមែនជាសង្ឃទៀត។
លោក ពេជ្រ ស្រស់ លើកឡើងថា បើព្រះសង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីកាមិនពិតនោះទេ ប្រយ័ត្នជិះយន្តហោះមកពីអាមេរិកវិញ ធ្លាក់យន្តហោះស្លាប់ ព្រោះតែនិយាយកុហកខុសពីការពិត និងគ្មានភស្ដុតាងនោះ។ បន្ថែមពីនេះ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាអ្នកបង្កើតនូវយុទ្ធនាការរយៈពេល៣០ថ្ងៃនេះ បានអះអាងផងដែរថា ក្នុងពេលយុទ្ធនាការនេះ មិនស្រួលដូចព្រះសង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីកានោះទេ ពោលលោកបានជួបនូវការលំបាកយ៉ាងច្រើន ដោយពេលខ្លះឈានទៅដល់ការឈ្លោះប្រកែកគ្នា ជាមួយអាជ្ញាធរមូលដ្ឋានទៀតផង ហើយសម្រាប់យុទ្ធនាការនេះ ធ្វើបានតែ២៧ថ្ងៃតែប៉ុណ្ណោះ ព្រោះថាតំបន់ខ្លះអាជ្ញាធរមិនអនុញ្ញាត៕