(កំពង់ឆ្នាំង)៖ ប្រព័ន្ធធារាសាស្ត្រ ២០ឧសភា ស្ថិតនៅក្នុងឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មានអត្ថប្រយោជន៍ស្រោចស្រព្វ លើផ្ទៃដីបង្កបង្កើនផលសរុប ប្រមាណ១.០៧០ហិកតា ដែលពីមុនមានត្រឹមតែផ្ទៃដីប្រមាណជិត៤០០ហិកតាប៉ុណ្ណោះ ប្រជាពលរដ្ឋនិយមធ្វើស្រូវឡើងទឹក ទទួលបានទិនផលស្រូវ៨០០គីឡូក្រាម ក្នុង១ហិកតា ប៉ុន្តែបច្ចុប្បន្នផ្ទៃដីកើនឡើងប្រមាណជាង១ពាន់ហិកតា ប្រជាពលរដ្ឋបង្កបង្កើនផលបាន២ដងក្នុង១រដូវ ហើយទទួលបានទិន្នផលខ្ពស់។
ក្រោយដាក់ចេញនូវយុទ្ធសាស្ត្រចក្រតុកោណដំណាក់កាលទី២ ទំនប់២០ឧសភា ត្រូវបានជួសជុល និងកសាងឡើងនៅឆ្នាំ២០១០ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដាក់ជាអទិភាពតំបន់អភិវឌ្ឍន៍ស្រូវប្រាំងទី២ បន្ទាប់ទី១ នៅឯខេត្តបាត់ដំបង។
ដើម្បីឆ្លើយតបនូវគោលនយោបាយកំណែទម្រង់ និងការអភិវឌ្ឍន៍ការងារ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនោះ តំបន់ធារាសាស្ត្រ ២០ឧសភា ក្រោមការយកចិត្តទុកដាក់ ថែទាំ និងកែលំអររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង តំបន់នេះបាន ប្រែក្លាយបន្ថែមទៀតជារម្មណីដ្ឋានទេសចរណ៍ដ៏ពេញនិយម អាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា និងកំសានផងដែរ។
ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ដោក ប៊ុនថុន ខណៈបន្តដឹកនាំក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង យកគ្រឿងចក្រចុះស្តារកំប្លោក ត្រឹប និងពពួករុក្ខជាតិផ្សេងៗ ចេញពីមុខសំណង់ប្រព័ន្ធធារាសាស្រ្ត ២០ឧសភា ស្ថិតក្នុងឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ ២០ឧសភានេះ អាចស្រោចស្របលើផ្ទៃដីបង្កបង្កើនផល សរុបប្រមាណ១០៧០ហិកតា ប្រជាពលរដ្ឋទទួលទិនផល ពី១តោនកន្លះទៅ២តោន ក្នុង១ហិកតា ហើយពួកគាត់ធ្វើបាន ២ដងក្នុង១រដូវ។
លោក ដោក ប៊ុនថុន ជំរុញសហការជាមួយបងប្អូនសហគមន៍អភិវឌ្ឍន៍ បន្ថែមឲ្យតំបន់នេះ ក្លាយជាតំបន់ទេសចរណឧសាហកម្ម គ្មានផ្សែង ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា រម្មណីយដ្ឋាន ទំនប់ទឹក ២០ឧសភា នាបច្ចុប្បន្នកំពុងអភិវឌ្ឍន៍ខ្លួន ប្រែក្លាយជាតំបន់អេកូសហគមន៍ទេសចរណ៍ដ៏ពេញនិយម ភ្ញៀវទេសចរណ៍ជាតិ អាចអង្គុយតាមកញ្ចុះ បរិភោពអាហារ ជាលក្ខណៈគ្រួសារ និងមានទាជិះកំសានលេង នៅលើផ្ទៃទឹក បានគយគន់ទេសភាពដ៏ស្រស់ត្រកាល ទឹកថ្លាយ៉ុង ដែលយើងអាចចុះងូចលេងបាន ដោយមានសមាគមន៍ចាំឃ្លាំមើល និងការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលទៅកំសាន្ត៕