(ភ្នំពេញ)៖ ដោយសារស្ថិតក្នុងចំណោមប្រលោមលោក ដែលមានអ្នកអានច្រើនបំផុត តាមអ៊ិនធើណេត (e-novel) រឿង «មន្តស្នេហ៍លេខា» ជាប្រភេទរឿងមនោសញ្ចេតនាបែបរោលរាល នឹងចាក់បញ្ចាំង នៅគ្រប់រោងភាពយន្តទំនើបៗ ចាប់ពីថ្ងៃទី ១៨ កញ្ញា ២០១៧នេះតទៅហើយ។ នេះជាវណ្ណកម្មថ្មី របស់ផលិតកម្ម «មហាហង្ស» ដោយមានការវិនិយោគពីក្រុមហ៊ុន Sabay-MVP ក្រោមការចែកចាយ របស់ក្រុមហ៊ុន «ពូព្រហ្ម»។ តំណាង ក្រុមហ៊ុន Sabay-MVP បញ្ជាក់ថា«មន្តស្នេហ៍លេខា» នឹងក្លាយជាភាពយន្តមនោសញ្ចេតនា ល្អបំផុតប្រចាំឆ្នាំ ដោយសារភាពប្រទាក់ក្រឡា និង លក្ខណៈស្នេហាភ្លើងស្រើបស្រាល។
បើទោះបីរឿងនេះ មានចាក់ផ្សាយតាមទូរទស្សន៍ និងកម្មវិធីទូរស័ព្ទក៏ដោយក្តី ក៏តំណាងក្រុមហ៊ុន «ពូព្រហ្ម» ជឿជាក់ថា ខ្លឹមសាររឿងសម្រាប់ក្នុងរោង គឺមានលក្ខណៈប្លែក ពីប្រព័ន្ធផ្សេងៗទៀត ដោយកាត់យកឈុតសំខាន់ៗ និងមិនឃើញមានក្នុងជាលក្ខណៈភាគ។ ម្យ៉ាងទៀត ក្រុមហ៊ុន ហ៊ានសន្មត់ ថាទស្សនិកជន សម្រាប់រោងភាពយន្តមានទម្លាប់ និងការរំពឹងទុកខុសគ្នាពីទូរទស្សនិកជន និងទស្សនិកជនតាមកម្មវិធីទូរស័ព្ទ។
អ្វីដែលពិសេស គឺភាពយន្តខ្មែរមួយនេះ រំលេចយុវតារាសម្តែងល្បីៗដូចជា លោក យឹម សម្បត្តិ, លោក ហង្ស សម្បើមសក្តិ, អ្នកនាង ភិន សុដាលីស ព្រមទាំងតារាសម្ដែងល្បីៗ ជាច្រើនដួងទៀត។
ចង់ដឹងថាតើនារីម្នាក់នោះជានរណា និងជួបរឿងរ៉ាវអ្វីខ្លះជាមួយសេនី សូមតាមដានទាំងអស់គ្នាចាប់ពីថ្ងៃទី១៨ កញ្ញានេះតទៅ!
សូមបញ្ជាក់ថា ពូព្រហ្ម អ៊ិនធើធេនម៉ិន (PuPrum Entertainment) ជាក្រុមហ៊ុនរួមសម្ព័ន្ធរវាង ក្រុមហ៊ុន ចែកចាយភាពយន្តធំៗ២ គឺ SABAY DIGITAL CORPORATION និង WESTEC MEDIA LIMITED។ ក្រុមហ៊ុនមានភារៈ ចែកចាយភាពយន្តដែលផលិតនៅកម្ពុជា និងជាក្រុមហ៊ុន ដែលផ្តល់អជ្ញាប័ណ្ណភាពយន្ត និងផ្តល់ខ្លឹមសាររឿងឈានមនុខគេ នៅប្រទេសកម្ពុជា។ ពូព្រហ្ម អ៊ិនធើធេនម៉ិន បានដាក់ខ្លួនជាក្រុមហ៊ុនចែកចាយជាតិ និងអន្តរជាតិ ដែលជំនាញ ខាងភាពយន្តខ្នាតវែង ប្រកបដោយគុណភាព មកពីប្រទេសកម្ពុជា។ តាមរយៈបណ្តាញដៃគូ ចែកចាយ និងផ្សព្វផ្សាយទូលំទូលាយ ពូព្រហ្ម អ៊ិនធើធេនម៉ិន ចាត់ចែងសិទ្ធិដូចតទៅ ចាក់ក្នុងរោងកម្សាន្ត តាមផ្ទះ ទូរទស្សន៍ និងវីឌីអូតាមតម្រូវការ។ ស្នាដៃកន្លងមករបស់ពូព្រហ្ម អ៊ិនធើធេនម៉ិន រួមមានភាពយន្តខ្មែរល្បីៗ និងជោគជ័យមួយចំនួន ដែលមានសក្តានុពលក្នុងតំបន់ និងលើឆាកអន្តរជាតិ៕