(ភ្នំពេញ)៖ គណៈប្រតិភូម៉ាឡេស៊ី ដែលជាម្ចាស់ជំនួយធំជាងគេបង្អស់ ដល់សហគមន៍ខ្មែរឥស្លាម ដឹកនាំដោយ លោក Dato' Sri Jamil Khir Bin Haji Baharom រដ្ឋមន្រ្តី នៃទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដែលមាន លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញទទួលស្វាគមន៍ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីមកកម្ពុជានេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព និងថ្នាក់ដឹកនាំឥស្លាមនៅកម្ពុជា ជាពិសេសការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅឯវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ។
បើតាមលោកឧកញ៉ា អូស្មាន ហាស្សាន់ ក្នុងដំណើរមកដល់កម្ពុជានេះដែរ គណៈប្រតិភូក៏នឹងអញ្ជើញជាកិត្តិយស ក្នុងពិធីសម្ពោធវិហារឥស្លាម Jamik Negeri កំពង់ចាម ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិរការ ឃុំសំបូរមាស ក្រុងកំពង់ចាម នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ចំណែកការងារមួយទៀត ដែលរដ្ឋមន្រ្តីម៉ាឡេស៊ីអញ្ជើញមកនេះ ក៏នឹងចូលរួមសម្ពោធវិទ្យាស្ថានអាន់នៀកម៉ះអាល់អីស្លាមីយ៉ះ ភ្នំពេញ ដែលជាការឧបត្ថម្ភដោយ ក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី ជានាយកដ្ឋានមួយ ដែលនៅក្រោមការគ្រប់គ្រងរបស់លោកដោយផ្ទាល់ រួមជាមួយនាយកដ្ឋានសំខាន់ៗ ចំនួន១២ផ្សេងៗទៀត ដែលសុទ្ធតែស្ថិតនៅក្រោម ទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ដែលវិទ្យាស្ថានមួយនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕