(បាត់ដំបង)៖ ប្រជាពលរដ្ឋក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាំគ្នាសប្បាយរីករាយដោយមានក្រុមមនុស្សធម៌ចាំជួយកសាង សមិទ្ធិផលផ្សេងៗ ក្នុងមូលដ្ឋានតាមសេចក្តីត្រូវការរបស់ពួកគាត់ ពិសេសសមាជិកគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់ពលរដ្ឋ នៅក្នុងពិធីប្រជុំប្រកាសកែសម្រួលសមាសភាពថ្នាក់ដឹកនាំពង្រឹងមូលដ្ឋានថ្មី និងសកម្មជនបក្សឃុំ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ក្រោមវត្តមានលោក ហែម ថេង ប្រធានក្រុមការងារCPPចុះជួយឃុំភ្នំសំពៅ ថ្នាក់ដឹកនាំបក្សស្រុក.ឃុំ សាខាបក្សភូមិនិងសកម្មជនជាច្រើនរូបទៀត។

លោកប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ បានឲ្យដឹងថា បន្ទាប់ពីថ្នាក់ដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់បានចុះពង្រឹងមូលដ្ឋានរហូតដល់បច្ចុប្បន្ន គឺតែងតែចាត់ទុកប្រយោជន៍រាស្រ្តជាធំ បានបម្រើពួកគាត់តាមរយៈជួយកសាងសមិទ្ធិផលជាច្រើនរាប់មិនអស់ ហើយនៅតែចាំជួយបន្តបន្ទាប់ទៀតមិនដែលខានឡើយ។ មិនមែនដូចបក្សប្រឆាំងពូកែ ខាងតែដើរញុះញុងបង្កអស្ថេរភាពដល់សង្គមជាតិ ចាំតែឈ្លាតឱកាសកេងចំណេញនយោបាយប៉ុណ្ណោះ ហើយមិនដែលបានជួយកសាងអ្វី ជូនរាស្រ្តនិងផ្តល់ផលប្រយោជន៍រួមជូនពួកគាត់ឡើយ។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា ការប្រកាសសភាពគណពង្រឹងមូលដ្ឋានសម្រាប់អាណត្តិថ្មី នាពេលនេះគឺដើម្បី ឲ្យពួកយើងទាំងអស់គ្នាមានឱកាស បន្តបម្រើពួកគាត់បន្ថែមទៀតដោយចេញអស់ពីបេះដូងពិតៗ ព្រោះក្រុមការងារយើងធ្លាប់បានបម្រើពួកគាត់កន្លងមកនិងនៅតែបន្តបម្រើពួកគាត់ដដែល។ ទោះជាយ៉ាងណាក៏នៅមានការខ្វះចន្លោះខ្លះ តែក្រុមការងារនៅតែខិតខំបំពេញការងារនេះឲ្យកាន់តែល្អប្រសើជាងមុនទៀត។

លោកប្រធានបានបន្តថា ដោយការមើលឃើញអំពើល្អរបស់ក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅដឹកនាំបម្រើពលរដ្ឋបានត្រឹមត្រូវ ក្រុមហ៊ុនឯកជន បានជួយជាអំណោយមនុស្សធម៌ផងដែរ ក្នុងនោះមាន៖ អណ្តូងស្នប់ ដាក់បង្គោងភ្លើងផ្ទាំងសេឡាបំភ្លឺដោយថាមពលព្រះអាទិត្យ ៣០ផ្ទាំងនៅជំហ៊ានដំបូង នៅតាមបណ្តាភូមិនានាក្នុងឃុំ ព្រមទាំងជួយធ្វើផ្ទះស្នាក់នៅចំនួន១០បន្ទប់នៅទីស្នាក់ការបក្សឃុំផងដែរ។

លោក ហែម ថេង បានជម្រាបទៅថ្នាក់ដឹកនាំពង្រឹងមូលដ្ឋានទាំងអស់ថា ចាប់ពីពេលនេះតទៅយើងត្រូវធ្វើបច្ចុប្បន្នភាពសារជាថ្មីឲ្យបានតករឹមត្រូវច្បាស់លាស់ ដោយរាប់បញ្ចូលអ្នកទើបមានអាយុគ្រប់១៨ឆ្នាំនៅថ្ងៃបោះឆ្នោតជ្រើរើសតំណាងរាស្រ្តអាណត្តិទី៦ឆ្នាំ២០១៨ឆ្នាំខាងមុខនេះ។

លោកក៏បានថ្លែងអំណរគុណដល់សមាជិកសកម្មជនបក្សទាំងអស់ ដែលបានហត់នឿយខិតខំធ្វើការងារបក្សកន្លងមក និងអរគុណដល់ប្រជាពលរដ្ឋ ក្នុងឃុំដែលបានគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ បានជាប់លំដាប់ថ្នាក់លេខ១ ទូទាំងខេត្តបាត់ដំបងយើងផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានបានឧបត្ថម្ភកំដរដៃដល់សកម្មជនបក្សដែលបានមកចូលរួមប្រជុំនាថ្ងៃនេះ ដោយម្នាក់ៗទទួលបាន៥ម៉ឺនរៀល៕