(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ម្ចាស់អាជីវកម្មប្រមាណជាង៤០០នាក់បានមកជួបជុំគ្នា ក្នុងកម្មវិធីមហាសន្និបាត ដែលរៀបចំឡើងដោយ BNI Cambodia National Conference ដើម្បីជួបជុំគ្នាចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក។
ការរៀបចំកម្មវិធីនេះ ឡើងដើម្បីផ្លាស់ប្ដូរយោបល់ និងការសិក្សាស្វែងយល់ពីវិស័យធុរកិច្ចនានា ហើយនេះជាឱកាសពិសេសសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ចូលរួម កសាង និងពង្រីកនូវបណ្ដាញទំនាក់ទំនងធុរកិច្ចរបស់ខ្លួនថែមទៀត។
កម្មវិធីនេះក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ហាញពីស្ថិរភាព និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យធុរកិច្ចរបស់ប្រទេសកម្ពុជា និងអាចចូលរួមទាក់ទាញសមាជិក BNI អន្ដរជាតិ និវិនិយោគិនបរទេសចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាទៀតផង។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានគាំទ្រជាខ្លាំងក្នុងការរៀបចំមហាសន្និបាតនេះ ព្រោះថានេះគឺជាការជម្រុញ បន្ថែមដើម្បីលើកស្ទួយវិស័យធុរកិច្ចរបស់កម្ពុជា ឲ្យកាន់តែរីកចំម្រើនបន្ថែមទៀត។
លោក ហេង សុខគង់ បានថ្លែងឲ្យដឹងថា វិស័យសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល នៅកម្ពុជាឃើញថាសហគ្រាស ធុនតូច និងមធ្យមទាំងអស់មានចំនួន៥២ម៉ឺនសហគ្រាស ដោយបានផ្ដល់ការងារជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
សូមបញ្ជាក់ថា BNI Cambodia មាន៨ Chapter នាពេលបច្ចុប្បន្ន ជាលើកដំបូងតាមរយៈការទិញសិទ្ធិពាណិជ្ជកម្មនៅឆ្នាំ២០១៣ ដោយលោក ឡុក ស្មិត សាមឌី ដោយឡែកប្រព័ន្ធទំនាក់ទំនង BNI អន្តរជាតិ បានបង្កើតឡើងនៅឆ្នាំ១៩៨៥ ដោយលោក Ivan Misner។
គួររំលឹកថា មហាសន្និបាត របស់ប្រព័ន្ធទំនាក់ទំនង ធុរកិច្ចអន្តរជាតិ BNI Cambodia ប្រចាំឆ្នាំ២០១៧ បានចែកចេញជា៤ផ្នែកធំៗ គឺពេលព្រឹក ជាការប្រកាសបើកជាផ្លូវការ នៃមហាសន្និបាតទាំងមូល ពេលរសៀល គឺជាការមូលផ្តុំសមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់ ដើម្បីផ្គូរផ្គងអាជីវកម្មរបស់ពួកគេ និងពេលល្ងាច គឺជាកម្មវិធីរាត្រីសមោសរ ដើម្បីបន្តសាមគ្គីភាព និងមិត្តភាព៕