(ភ្នំពេញ)៖ ទម្រាំបានធ្វើជាប្រធានគណបក្សប្រឆាំងដ៏ធំមួយ លោក កឹម សុខា ពិតជាបានចំណាយពេលលើសពី ២ភាគ៣ ដើម្បីកសាងឧត្តមភាពជាមេដឹកនាំបក្សក្នុងភាពចម្រូងចម្រាស់ លោកពិតជាបានលះបង់ទាំងសីលធម៌ផ្ទាល់ខ្លួន ទាំងខ្សែស្រឡាយសាច់ឈាមកូនស្រីរបស់ខ្លួន និងទាំងវិវាទដណ្តើមកៅអីគ្នាក្នុងបក្សខ្លួនឯង រហូតបានជាលេខមួយក្នុងបក្ស។
តើអ្នកណាជាអ្នកមានកម្លាំងមហិមារុញវាសនា លោក កឹម សុខា ឱ្យមានខ្សែជីវិតសំណាងពីអ្នកទោសឃុំខ្លួនឯងក្នុងផ្ទះ មកជាវីរៈជនដឹកនាំបក្សប្រឆាំង? ចម្លើយមានច្រើន ទីមួយគឺ ដោយសារសំឡេងគាំទ្ររបស់សមាជិកបក្សទាំងពណ៌ក្រហម ទាំងពណ៌លឿង។ ទីពីរ ដោយសារអំណាចច្បាប់គណបក្សនយោបាយដែលជាឱកាសដ៏កម្ររកបានដែលហាមមិនឱ្យទណ្ឌិតមានសិទ្ធិអ្វីទាំងអស់សូម្បីតែរូបភាព និងសំឡេងក៏ខុសច្បាប់ បានន័យថាហាមទាំងចូលរូប ហាមទាំងព្រលឹងកើតទុក្ខរហូតខូចស្មារតី។ ទីបីគឺការចងខ្សែស្រឡាយចំណាយសម្រស់ជាមួយបរទេស ទាក់បានទាំងចិត្ត រិតបានទាំងខ្លួន គឺបុត្រីជាទីស្រឡាញ់ទាំងពីរត្រូវបានក្លាយជាដើមទុននយោបាយដោយមិនចាំបាច់មានធនាគារសម្រាប់វិនិយោគទេ ក្នុងការភ្ជាប់និស្ស័យស្នេហ៍ជាមួយភ្នាក់ងារបរទេស។
មហិច្ចតាអំណាច និងក្តីសុបិន្តគ្មានព្រំដែនបានជំរុញឱ្យ លោក កឹម សុខា ភ្លេចគិតឧត្តមគតិ ដែលខ្លួនជាកូនខ្មែរ សន្តានខ្មែរ តែប្រែរូបជាបរទេសនិយម ដោយបានសារភាពប្រាប់មហាជនជាសាធារណៈតាមរយៈ Facebook របស់ខ្លួនថា ពិតហេីយស្ថានទូតបរទេសចំនួន ១០ ដែលមានការិយាល័យនៅបាំងកក បានគាំទ្រនិងតាមដានឱ្យមានស្ថានការណ៍នយោបាយខ្មៅ និងដុនដាបទៅៗនៅកម្ពុជា-Sic។ សម្រាប់ប្រជាជន សម្រាប់អ្នកជំនួញ និងវិនិយោគិន សម្រាប់មន្ត្រីរាជការទាំងស៊ីវិល និងកងទ័ព សម្រាប់កម្មករកម្មការនី សម្រាប់យុវជននិងសិស្សានុសិស្ស តើយើងអាចលក់អធិបតេយ្យជាតិ លក់សន្តិភាព លក់សេរីភាពរបស់យើងឱ្យទៅបរទេសឬទេ? តើប្រទេសយើងពិតជាមានស្ថានការណ៍នយោបាយដុនដាបដូចបុគ្គលឬសន្តានអ្នកលក់អធិបតេយ្យមែនឫទេ? តើនរណាទទួលផលវិបាកមុនគេពេលប្រទេសមានសង្គ្រាមដោយសារយើងបាត់បង់ភាពជាម្ចាស់អំណាច ភាពជាម្ចាស់ប្រទេស?
ប្រជាជនខ្មែរ គួរតែចងចាំនូវពាក្យប្រវត្តិសាស្ត្របី ដែលធ្វើឱ្យគេអាចប្លន់អធិបតេយ្យជាតិ និងបំផ្លាញទ្រព្យសម្បត្តិប្រជាជនយើងបានគឺ ទីមួយបំបាត់ជំនឿនិងក្តីស្រឡាញ់ទៅលើមេដឹកនាំ ដូចដែលគេបានកំទេចជំនឿសីហនុនិយមក្នុងទស្សវតឆ្នាំ ៧០ តាមរយៈរដ្ឋប្រហារ លន់ ណុល ហើយបានសងមកវិញនូវរបបសាធារណរដ្ឋបែបអាមេរិកកាំងនិយម ដែលគ្មានការទទួលខុសត្រូវសង្គមបន្តិចសោះ។ ទីពីរបំផុសជំនឿប្រជាធិបតេយ្យក្លែងក្លាយ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត ដែលសងមកវិញនូវការចំណាយជីវិតប្រជាជនស្លូតត្រង់អស់ បីលាននាក់។ ទីបីពាក្យសង្គមអយុត្តិធម៌ ដែលត្រូវបានគេប្រើនិងបកស្រាយថាស្មើភាព នោះគឺសង្គមគ្មានផ្សារ សង្គមគ្មានជំនឿសាសនា និងសង្គមគ្មានសាលារៀន ទីបំផុតប្រវត្តិសាស្ត្របន្សល់ទុកកម្ពុជាបាត់បង់អស់ មូលដ្ឋានគ្រឹះបញ្ញវន្តដឹកនាំ ហើយវិលទៅរកសង្គមបុព្វកាលអស់រយៈពេលជិតកន្លះសតវត្ស។
ការវិភាគថ្ងៃនេះគ្រាន់ជាគតិដើម្បីជូនជនរួមជាតិគិតពិចារណាថា តើប្រទេសខ្មែរគ្រប់គ្រងដោយខ្មែរ? ឬប្រទេសខ្មែរត្រូវរស់ជាមួយអធិបតេយ្យ រស់ជាមួយសន្តិភាព រស់ជាមួយការអភិវឌ្ឍដែលមានការទទួលខុសត្រូវ? បើស្មារតីជាតិនិយម បានកើតឡើងស្មើៗគ្នា ឬស្រុះគ្នា នោះប្រទេសយើង សង្គមយើងនឹងបង្កើតបានសុខដុមរមណីយកម្ម ហើយបន្តឆ្ពោះទៅកាន់រដ្ឋសង្គមកិច្ច ដែលជាបំណងប្រាថ្នារបស់ ខ្មែរគ្រប់រូប។
សូមជូនពរបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ សូមឱ្យប្រែតនាំយកឧបទ្រព ចង្រៃចេញពីបេះដូងអ្នកនយោបាយខ្មែរ ហើយនាំយកតែកុសលល្អសម្រាប់ ឯកភាពជាតិ និងក្តីស្រឡាញ់ ជាតិ សាសនា ព្រះមហាក្សត្រ។
អត្ថបទវិភាគ៖ កោះកេរ្តិ៍