(ក្រចេះ)៖ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ចំនួន៣នាក់ ដែលត្រូវជាប្តី-ប្រពន្ធ និងកូនតែម្តង ស្ថិតក្នុងភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក គង់ ស៊ីដន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ (ប្តី-ប្រពន្ធ និងកូនរត់គេចខ្លួន) រួមមានឈ្មោះ៖ ១- ឈ្មោះ ចិប ហ៊ាន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ (ឃាត់ខ្លួន), ២- ឈ្មោះ យូ សុខចន្ថា ហៅចក់ អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ (ឃាត់ខ្លួន) និង៣- ឈ្មោះ យូ គន្ធវណ្ណឌី ហៅ អាធំ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន)។ ជនសង្ស័យទាំង៣ មានទីលំនៅភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
លោកនាយការិយាល័យបានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក បានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦កញ្ចប់ ស្មើទម្ងន់៦៩G (ហុកសិបប្រាំបួនក្រាមគត់), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ទូរស័ព្ទចំនួន២គ្រឿង (ម៉ាក SAMSUNG NOTE1 ចាស់ពណ៌ស និងម៉ាក iPhone5 ពណ៌ស ), ម៉ូតូចំនួន១គ្រឿង (ម៉ាក HONDA WAVE ចាស់ខ្មៅ អត់សា្លកលេខ អត់ពន្ធ ) និងសម្ភារសម្រាប់ចែករំលែក ចែកចាយគ្រឿងញៀនមួយចំនួនទៀត។
បើតាមលោក គង់ ស៊ីដន មុនឈានដល់ការបង្ក្រាបនេះ ឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវជាច្រើនខែ លោក ជា សុភ័ក្ត្រ និងលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំសម្របសម្រួល នីតិវិធីដោយផ្ទាល់ដល់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការធ្វើការបង្ក្រាបមុខសញ្ញាជួញដូរយ៉ាងសកម្ម ក្នុងភូមិសាស្ត្រភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ប្តី/ប្រពន្ធ និងកូនរត់គេចខ្លួន ហើយធ្វើការឆែកឆេរ និងចាប់យកវត្ថុតាង ដូចបានរៀបរាប់ខាងលើ រួចបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីផ្តុំសំណុំរឿងតាមនីតិវិធី៕