(ភ្នំពេញ)៖ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកសម្ភារថវិកាសប្បុរស របស់មិត្តអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់មិត្តរួមការងារ០៣នាក់ ដែលធ្លាក់ខ្លួនមានជម្ងឺ ក្នុងពេលដំណាលគ្នា។
មន្ដ្រីអាវុធហត្ថដែលបានទទួលអំណោយ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ រួមមាន ទី១៖លោកវរសេនីយ៍ត្រី លី សេរី មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក, ទី២៖លោកវរសេនីយ៍ត្រី ញ៉ា សាវឿន មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន និងទី៣៖លោកអនុសេនីយ៍ឯក មាស វុទ្ធី ជំនួយការមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ។
តំណាងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ដោយអនុវត្តតាមគំរូដឹកនាំ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការផ្ទាល់ របស់អ្នកជំងឺទាំង០៣នាក់ បានយកចិត្តទុកដាក់ប្រមែប្រមូលថវិកា មិត្តរួមការងារអាវុធហត្ថរាជធានីភ្នំពេញ តាមសណ្តានចិត្តសប្បុរស បរិច្ចាគជូនដល់ពួកគាត់ ទុកជាការជួយសម្រាលបន្ទុកព្យាបាល សរុបបានថវិកា ២០លានរៀល។
តែដោយយោងតាមស្ថានភាពជាក់ស្តែង លោកវរសេនីយ៍ត្រី លី សេរី មានជំងឺធ្ងន់ធ្ងរជាងគេ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបែងចែកថវិកា ជូនដល់គាត់១០លានរៀល និងលោក ញ៉ា សាវឿន ៥លានរៀល លោក មាស វុទ្ធី ៥លានរៀល ព្រមទាំងជូនទឹកសុទ្ធម្នាក់៤កេស ទឹកក្រូចដបម្នាក់៤យួរផងដែរ។
ក្នុងនោះទៀត ដោយលោក លី សេរី និងលោក ញ៉ា សាវឿន បានទៅសម្រាកព្យាបាលនៅប្រទេស វៀតណាម ទើបក្រុមការងារតំណាងឲ្យលោក រ័ត្ន ស្រ៊ាង បានប្រគល់សម្ភារថវិកាទាំងនោះ ជូនដល់មេបញ្ជាការ និងមេបញ្ជាការរងផ្ទាល់របស់អ្នកជំងឺឲ្យមកទទួលជំនួស និងចាត់ចែងយកទៅជូនឲ្យដល់ដៃពួកគាត់ នៅឯមន្ទីរពេទ្យប្រទេសវៀតណាម រីឯលោក មាស វុទ្ធី ដែលសម្រាកព្យាបាលនៅផ្ទះ ត្រូវបានក្រុមការងារតំណាងលោក រ័ត្ន ស្រ៊ាង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឌឿក សាមាន មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ យកសម្ភារៈថវិកា ទៅប្រគល់ជូនដល់លំនៅដ្ឋានតែម្តង។
សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ជាញឹកញយ គេតែងសង្កេតឃើញ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ តែងតែសស្រាក់សស្រាំ រួបរួមសាមគ្គីជួយទុក្ខធុរៈគ្នា គ្រប់ពេលវេលា ចំពោះមិត្តរួមការងារដែលជួបអាសន្ន មិនដែលខកខានម្តងណាឡើយ៕