(ភ្នំពេញ)៖ ហាងកាហ្វេ Amazon ត្រូវបានគេមើលឃើញថា កំពុងបើកដំណើរការរីកដូចផ្សិតនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ កាហ្វេ Brand របស់ប្រទេសថៃមួយនេះ បានពង្រីកសាខារបស់ខ្លួនរហូតដល់៥៥ហើយនៅកម្ពុជា ខណៈថៅកែ កាហ្វេ Amazon អះអាងនឹងបន្តពង្រីកឲ្យកាន់តែច្រើនថែមទៀត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ ហាងកាហ្វេ Amazon សាខាទី៥៥ «សាខា៣៦០» ត្រូវបានបើកដំណើរការ និងជាសាខាទី២ របស់ក្រុមហ៊ុន Comoasis Co.Ltd។
លោកស្រី ថុង ណាត់ស្យា អគ្គនាយិការងក្រុមហ៊ុន Comoasis Co.Ltd និងជាតំណាងម្ចាស់ហាង Amazon បានបញ្ជាក់ឲ្យដឹងថា ហាងកាហ្វេ Amazon សាខា៣៦០នេះ ជាសាខាទី២ របស់ក្រុមហ៊ុនហើយ ដែលទទួលបានទិញសិទ្ធិស្របច្បាប់ពីក្រុមហ៊ុន PTT នៅប្រទេសថៃ ដើម្បីបើកដំណើរការនៅកម្ពុជា។
លោកស្រី ថុង ណាត់ស្យា បានបន្តថា សាខាទី២នេះ បានបើកដំណើរការ ក្រោយពីទទួលបានការគាំទ្រខ្លាំង ពីអតិថិជននៅហាងកាហ្វេ Amazon សាខាសុវណ្ណា ដែលបានបើកដំណើរការ កាលពីថ្ងៃទី០២ ខែកក្កដា កន្លងមកនេះ។
ហាងកាហ្វេ Amazon សាខា៣៦០នេះ បានបើកសម្ពោធឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីតាំងផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគ្គនាយិការងក្រុមហ៊ុន Comoasis Co.Ltd បានបន្ថែមថា ការសម្រេចបើកដំណើរការសាខាទី២នេះ ដោយសារតែសម្លឹងឃើញថា ប្រជាជនកម្ពុជា គាំទ្រលើផលិតផល Brand កាហ្វេ Amazon ហើយភាគច្រើននៃប្រជាពលរដ្ឋកម្ពុជា ពេញនិយមក្នុងការពិសាកាហ្វេ។
ក្រុមហ៊ុនរបស់លោកស្រី បានប្តេជ្ញាថា នឹងខិតខំរក្សានូវស្តង់ដារ រសជាតិកាហ្វេ និងការបង្កបរិយាកាស ដ៍ស្អាតជូនអតិថិជន ដែលអញ្ចើញមកពិសារកាហ្វេ ហើយក៏អាចសម្រាកលំហែកាយបាន អមជាមួយនឹងការពិសាកាហ្វេ Amazon ហើយហាងកាហ្វេ Amazon ទទួលបានការគាំទ្រ និងជោគជ័យមកដល់ថ្ងៃនេះ ដោយសារតែគុណភាពរសជាតិកាហ្វេ អនាម័យក្នុងហាង និងសេវាកម្មល្អ។
នៅក្នុងពិធីសម្ពោធនោះ លោក Suthon Choothaian អគ្គនាយកប្រតិបត្តិក្រុមហ៊ុនចែកចាយ Amazon (PTT) ដ៏ធំប្រចាំ នៅប្រទេសថៃ បានឲ្យដឹងថា ចំណុចពិសេសរបស់កាហ្វេ Amazon គឺ រសជាតិកាហ្វេឆ្ងាញ់ និងបរិយាកាសល្អ រសជាតិកាហ្វេដែលយើងយកមកទទួលទាន មិនប៉ះពាល់ដល់សុខភាព ហើយអាចតម្រូវការតាម ការកម៉្មង់ របស់អតិថិជន។
លោកបន្តថា ការរក្សាបាននូវគុណភាពខ្ពស់ និងបំពេញតាមតម្រូវការរបស់អតិថិជន និងការគាំទ្រពីអតិថិជនទើប ធ្វើឲ្យ ហាងកាហ្វេ Amazon មានសាខាច្រើនជាងគេ បើប្រៀបធៀបជាមួយបណ្តាប្រទេសមួយចំនួនទៀត។
ក្រុមហ៊ុន PTT បានលក់ម៉ាកនេះដល់កម្ពុជា តាំងពីឆ្នាំ២០១៣ ហើយសន្ទុះនៃការគាំទ្រលើការនិយម ពិសារកាហ្វេ Amazon មានច្រើនជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា។
លោក Suthon Choothaian បន្ថែមថា កាហ្វេ Amazon បានបើកដំណើការក្នុងតំបន់អាស៊ានរួមមាន ប្រទេស ឡាវ ភូមា ហ្វីលីពីន និងកម្ពុជា នៅក្នុងចំណោមប្រទេសទាំងអស់នោះ ប្រទេសកម្ពុជា គឺទទួលបានការលក់ដាច់ ច្រើនជាងគេ។
លោកស្រី ថុង ណាត់ស្យា បានបន្ថែមថា ហាងកាហ្វេ Amazon សាខា៣៦០នេះ អាចសម្រួលជូនសិស្សា នុសិស្ស និងប្រជាពលរដ្ឋដែលចូលចិត្ត ការពិសាកាហ្វេ នៅជុំវិញបរិវេណនេះ អាចអញ្ជើញពិសារបាន ហើយបុគ្គលិក នៅ Amazon សាខា៣៦០ នឹងធានាការបម្រើសេវាកម្ម ជូនអតិថិជនឲ្យបានឆាប់រហ័សដើម្បីបំពេញ តម្រូវការជូនអតិថិជន មិនឲ្យខកបំណងឡើយ។
ចំពោះហាងកាហ្វេ Amazon សាខា៣៦០ ក៏មានការផ្តល់ជូនការផ្សព្វផ្សាយពិសេសជូនអតិថិជនផងដែរ គឺក្រុមហ៊ុន Comoasis Co.,Ltd បានសហការជាមួយក្រុមហ៊ុន PTT ផ្តល់ជូនឱកាសឲ្យអតិថិជន អាចធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុន។
ជាមួយគ្នានោះ លោកស្រី ថុង ណាត់ស្យា បានបញ្ជាក់ ក្រុមហ៊ុន Comoasis Co.,Ltd គ្រោងនឹងបើក ដំណើរការហាងកាហ្វេ Amazon ជាច្រើនសាខាទៀតនៅកម្ពុជា នាពេលអនាគត ប៉ុន្តែនាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន នឹងបើកដំណើរការ ហាងកាហ្វេ Amazon សាខាទួលគោក១សាខាបន្ថែមទៀត ដោយគ្រោង បោះទុនចំណាយអាចលើសពី៣០ម៉ឺនដុល្លារ ហើយនឹងគ្រោងបើកដំណើរការបន្ថែមទៀត នៅខេត្តសៀមរាប។
រហូតមកដល់ពេលនេះ ហាងកាហ្វេ Amazon មានចំនួន៥៥សាខាហើយនៅកម្ពុជា ក្នុងនោះ ក្រុមហ៊ុន Comoasis Co.,Ltd បានបើកដំណើរការ ហាងកាហ្វេ Amazon ចំនួន២សាខា សម្រាប់សាខាទី១ គឺហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា ជាសាខាទី៤៤នៅកម្ពុជា និងសាខាទី២នេះ គឺហាងកាហ្វេ Amazon សាខា៣៦០ ជាសាខាទី៥៥ នៅកម្ពុជា៕