(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន១៥នាក់ រស់នៅក្នុងភូមិចំនួន៣ (ភូមិស្រែល្វី ភូមិអូរណា និងភូមិស្រែខ្ទុម) ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីសុខាភិបាលរាយការណ៍ថា បានពុលអាហារ និងកំពុងជួយសង្គ្រោះមណ្ឌលសុខភាព ក្រោយពេលដែលជនរងគ្រោះទាំងនោះ បានហូបអាហារ ដែលហេតុការណ៍ បានកើតឡើងកាលពីល្ងាចថ្ងៃទី០១ និងបានអូសបន្លាយដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ក្រោយទទួលបានករណីនេះកើតឡើង អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាទៅប្រធានមន្ទីរសុខាភិបាលដឹកនាំមន្រ្តីជំនាញ ចុះទៅជាបន្ទាន់ ដើម្បីពិនិត្យមើលសភាពជនរងគ្រោះ និងរកមូលហេតុពិតទាំងនេះ។

លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះថា នៅពេលមន្រ្តីរបស់លោក កំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុពិត ដែលនាំឲ្យពុលអាហារ ហើយក្នុងចំណោមជនរងគ្រោះទាំង១៥នាក់ មានម្នាក់មានសភាពធ្ងន់ធ្ងរជាងគេ៕