(កំពង់ធំ)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសទៅប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន(គំរប់ខួប១ឆ្នាំ)ឧទ្ទិសកុសល្យផលបុណ្យ ជូនដល់មហាឧបាសក ម៉ៅ មួន ដែលបានចែកឋានទៅកាន់បរលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ បានផ្ដើមពិធីបុណ្យរួមដំណើរដោយលោកស្រី ញ៉ែម សាខន សម្ដេច ក្រឡាហោម ស ខេង ផងដែរ បានជួបសំណេះសណាលជាមួយប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ លោកតា លោកយាយចំនួន៣០០នាក់ នៅក្នុងបរិវេណវត្តស្រយ៉ូវ ក្នុងភូមិ-សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀតដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា «យើងទាំងអស់គ្នា និងកំពុងអង្គុយជាមួយគ្នាពេលនេះ ដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាព និង ស្ថេរភាពនយោបាយល្អមានថ្នាក់ដឹកនាំល្អ ប្រកបដោយគតិបណ្ឌិតដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ បានបញ្ចប់សង្រ្គាមរាំរ៉ៃ ក្រោមគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ មានជាវិស័យសាសនា មានវត្តអារាមបើកទូលាយជំនឿសាសនា វិស័យសិក្សាធិការមានសាលារៀនយ៉ាងច្រើន សម្រាប់កូនចៅយើងរៀនសូត្របង្កើនចំណេះដឹង ផ្លូវថ្នល់កាត់ខ្វាត់ខ្វែងតភ្ជាប់ពីតំបន់ជនបទ ទៅទីក្រុងសម្រួលដល់ការធ្វើដំណើរ ដែលបងប្អូនប្រជាពលរដ្ឋបានឃើញស្រាប់ នៅក្នុងភូមិ ឃុំរបស់យើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែក ក្នុងការថែរក្សាការពារនូវសុខសន្តិភាព និង ស្ថេរភាពនយោបាយល្អនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូត»។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងអស់នៅខេត្តកំពង់ធំ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន នៅឆ្នាំ២០១៨ខាងមុខ។
ជាមួយវប្បធម៌ចែករំលែក និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាទ្រនាប់ដៃមាន៖
១-អ្នកចូលរួមបុណ្យទាំងជាង៣០០នាក់ បានទទួលសារ៉ុងម្នាក់១ថវិកា១ម៉ឺនរៀលមី២កញ្ចប់
២-កុមារា កុមារី ៣០០នាក់ម្នាក់ៗទទួលបានថវិកា២០០០រៀល
៣-បច្ច័យបុណ្យចំនួន១៧៧៧០០០រៀលវេរប្រគេនវត្តស្រយូវ
៤-ស៊ីម៉ង់ត៍ ១០តោន
៥-មី៣០០កេសតូច
៦-ទឹកផ្លែឈើ២០កេស
៧-ផ្លូវបេតុង ១ខ្សែប្រវែង ៧២០ម៉ែត្រ
៨-ទឹកសុទ្ធ២០កេស
៩-គណបក្សសង្កាត់ស្រយូវ៥០ម៉ឺនរៀល
១០-នគរបាល៥០ម៉ឺនរៀល
១១-យុវជន៥០ម៉ឺនរៀល៕