(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានថ្លែងថា មកទល់នឹងពេលនេះ អ្នកប្រើប្រាស់គ្រឿងញៀន មានចំនួន ២១,១២៦នាក់ ដោយជាង១ម៉ឺន បានស្ថិតក្រោមការព្យាបាល ។
លោកបន្ដថា ចំណែកឯសល់ជាង៩ពាន់នាក់ទៀត នៅក្រៅការព្យាបាល ដែលចំនុចនេះ រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន បានខិតខំរិៈរកវិធី ដើម្បីជំរុញ និងលើកទឹកចិត្ដពួកគេ ឲ្យមកទទូលយកសេវាព្យាបាលដោយស្ម័គ្រចិត្ដ នៅតាមមណ្ឌលបន្សាបគ្រឿងញៀន ដែលមានចំនួន១០ទូទាំងប្រទេសនេះ។
លោកបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកគ្រឿងញៀន ដែលដាក់ចេញនូវផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ រយៈពេល៦ខែ ឆ្នាំ២០១៧ ដែលមានការចូលរួមមន្ដ្រីពាក់ព័ន្ធទាំង២៥ខេត្ដក្រុង ដែលដឹកនាំដោយ សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅថ្ងៃទី០១ខែសីហា នៅទីស្ដីការក្រសួងសុខាភិបាល ។
លោក មាស វិរិទ្ធិ បានថ្លែងបន្ដទៀតថា «តួលេខនៃអ្នកញៀនគ្រឿងញៀន គឺមានការកើនឡើង រហូតមកដល់ពេលនេះ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលយើង និងស្ថាប័នពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីកាត់បន្ថយ និងជំរុញ លើកទឹកចិត្ដ អ្នកញៀនគ្រឿងញៀន មកទទួលសេវាពិនិត្យព្យាបាល នៅតាមមណ្ឌលបន្សាបគ្រឿងញៀនទូទាំងប្រទេសនេះ ដោយយកបានយកចិត្ដទុកដាក់ខ្ពស់» ។
លោកបន្ដថា «ត្បិតតែ ផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ មានបញ្ហាប្រឈមច្រើន ប៉ុន្ដែយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ពីព្រោះថា ក្រោយពេលដែលយើងដាក់ចេញ នូវផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ គឺមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ហើយក្នុងសមត្ថកិច្ច ក៏បានខិតខំអនុវត្ដច្បាប់ ក្នុងការចរាចរជួញដូរ រួមទាំងដាស់តឿន អ្នកប្រើប្រាស់គ្រឿងញៀនពីមុន ដែលមិនទទួលការព្យាបាល ឲ្យគាត់ទៅទទួលយកសេវាព្យាបាល តាមប្រព័ន្ធចំនួន២ ទី១-គឺការព្យាបាលភាពញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ដោយប្រើយន្ដការសុខាភិបាលជាស្នូល និងទី២-ទៅទទួលយកសេវាព្យាបាល នៅតាមមណ្ឌលបណ្ដោះអាសន្ន របស់រដ្ឋ និងឯកជន»។
គួររម្លឹកថា កន្លងមកនេះ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានថ្លែងជំរុញ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្ដទៀត ក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងពិភាក្សាពីភាពចាំបាច់នៃការបង្កើតអនុក្រឹត្យ ស្ដីពីនិតីវិធីលំអិត សម្រាប់វិធីសាស្ដ្រព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន ស្របតាមមាត្រា១០២ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនផងដែរ៕