(ព្រះសីហនុ)៖ រថយន្ដ VIP ដឹកអ្នកដំណើររបស់ក្រុមហ៊ុន «វីវៈប៊ុនថាំ» បានបុកជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ និងអ្នករួមដំណើររងរបួសធ្ងន់ ហើយអ្នកបើកបររថយន្ដរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៤-២០៥ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។
របាយការណ៍របស់មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ មកស្រុកព្រៃនប់ លុះដល់ចំណុចខាងលើ ក៏បានរ៉េចង្កូតមកខាងឆ្វេងដៃ បុករថយន្ត១គ្រឿងម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-6305 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន «វីរៈប៊ុនថាំ» ដឹកអ្នកដំណើរ ដែលមានទិសដៅបញ្រ្ចាស់គ្នា។
ក្នុងហេតុការណ៍នេះបណ្ដាលឲ្យ អ្នកបើកបរម៉ូតូឈ្មោះ អង់ ភិបុល អាយុ១៩ឆ្នាំ មានទីលំនៅភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ ឈ្មោះ ធឿង ជីញហ៊ី អាយុ១៨ឆ្នាំ រងរបួសធ្ងន់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕