(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ និងសកម្មជនគណបក្សសង្រ្គោះជាតិ បានរួមគ្នាធ្វើសង្រ្គាមជាមួយអង្គភាពព័ត៌មាន Fresh News បន្ទាប់ពីព័ត៌មានដ៏មានប្រជាប្រិយភាព នៅកម្ពុជាមួយនេះ ផ្សព្វផ្សាយនូវព័ត៌មានដ៏រសើបពាក់ព័ន្ធផែនការដ៏ខ្មៅងងឹតរបស់បក្សប្រឆាំង ឃុបឃិតជាមួយពួកបរទេសផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាចដោយខុសច្បាប់។
បណ្តាញព័ត៌មាន Fresh News ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានទម្លាយឯកសារ និងព័ត៌មានជាច្រើនពាក់ព័ន្ធផែនការដ៏ពិសពុលរបស់ គណបក្សសង្រ្គោះជាតិ ដោយបានឃុបឃិតជាមួយពួកបរទេស ដើម្បីដណ្តើមអំណាចតាមយុទ្ធសាស្រ្តប្រើកម្លាំងមហាជន។ Fresh News បានដកស្រង់ប្រភពដែលទម្លាយតាម Facebook ឈ្មោះថា «កូនខ្មែរ» ដោយបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានរៀបចំផែនការ និងគម្រោងជាច្រើន និងមានផែនការយ៉ាងល្អិតល្អន់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឈានដល់ការគ្រប់គ្រងប្រទេសដោយ មានបរទេសពីក្រោយខ្នង។
ផែនការដែលបានទម្លាយនោះមានដូចជា កូនស្រីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិទាំងពីរ គឺកញ្ញា កឹម មនោវិទ្យា និង កឹម សោម៉ាធីតា បានមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយភ្នាក់ងារចារកម្ម CIA និងជាមន្ត្រីស្ថានទូតអាមេរិកទទួលបន្ទុកកិច្ចការនយោបាយប្រចាំកម្ពុជាឈ្មោះ Sam Downings និង ឈ្មោះ Geoffrey Cain ដែលជាភ្នាក់ងារចារកម្មរបស់អាមេរិកបង្កប់ខ្លួនធ្វើជាអ្នកកាសែតឯករាជ្យ ហើយធ្វើសកម្មភាពជាសម្ងាត់នៅក្នុងប្រទេសកម្ពុជា។ ជនច្រមុះស្រួច Geoffrey Cain ធ្លាប់ទទួលជោគជ័យក្នុងការផ្តួលរំលំលោកស្រី ប៉ាក់ យ៉ុនហេ នៅកូរ៉េខាងត្បូងថែមទៀតផង។
ក្រៅពីការបង្ហាញនូវទំនាក់ទំនងរវាងកូនស្រីទាំងពីររបស់លោក កឹម សុខា ជាមួយក្រុមជនជំនាញធ្វើចារកម្មរបស់អាមេរិក ដែលជាប្រទេសធ្លាប់រៀបចំផែនការផ្តួល រំលំរបបសម្តេច នរោត្តម សីហនុ កាលពី១៨ មីនា ឆ្នាំ១៩៧០ហើយនោះ បណ្តាញព័ត៌មាន Fresh News ក៏បានបន្តដកស្រង់ប្រភពពី Facebook «កូនខ្មែរ» បង្ហាញថា គណបក្សសង្រ្គោះជាតិ បានរួមសហការជាមួយក្រុមជ្រុលនិយមរបស់តៃវ៉ាន់ និងមានការទទួលលុយពីអង្គការបរទេស CANVAS ជ្រកក្រោមស្លាក IRI ប្រមាណ ៣៩០.០០០ដុល្លារអាមេរិក ដើម្បីធ្វើសកម្មភាព និងរៀបចំផែនការនានាឈានទៅសម្រេចមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាល តាមគំរូប្រទេស នៅមជ្ឈិមបូព៌ាផងដែរ។
ក្រោយការចេញផ្សាយជាបន្តបន្ទាប់នេះ បានធ្វើឲ្យក្រសួងមហាផ្ទៃ គ្រោងនឹងបើកការសើបអង្កេតទៅលើគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធការទទួលថវិកាពីបរទេស ដើម្បីធ្វើសកម្មភាពនយោបាយផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News ថា ក្រសួងនឹងបើកការស៊ើបអង្កេតលើករណីនេះ ហើយបើរកឃើញថាពិតដូច អ្វីដែលផ្សព្វផ្សាយអាចនឹងឈានទៅ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគណបក្សប្រឆាំងមួយនេះ។
ក្រោយការទម្លាយព័ត៌មានដែលបង្ហាញពីចរិតពិសពុលរបស់បក្សប្រឆាំង ក្នុងការបំផ្លាញសុខសន្តិភាពរបស់ជាតិកម្ពុជានេះ មន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់ គណបក្សសង្រ្គោះជាតិ ដូចជាលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាខ្សែរាជវង្សដែលគេដឹងថា ជាអ្នកធ្លាប់ធ្វើចលនាផ្តួលរំលំ និង ធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ បានចេញមកសម្តែងប្រតិកម្មយ៉ាងខ្លាំង និងវាយប្រហារលើបណ្តាញព័ត៌មាន Fresh News ជាខ្លាំង។
លោកស្រី មូរ សុខហួរ តាមរយៈវិទ្យុអាស៊ីសេរី ដែលមាននិន្នការ និងមានអាមេរិកជាបង្អែកដូចគ្នានោះ បានចាត់ទុកព័ត៌មាន ដែល Fresh News យកមកផ្សព្វផ្សាយថា ជាការញុះញង់ ហើយបានអំពាវនាវកុំឲ្យរាជរដ្ឋាភិបាលយក Fresh News ទៅផ្សាយវាយប្រហារលើបក្សរបស់ខ្លួនបន្តទៅទៀត។ ព្រះអង្គម្ចាស់ ធម្មិកោ ក៏បានសរសេរសារឌឺដងតបអង្គភាព Fresh News ដែរ ដោយសរសេរហាមកុំឲ្យជនជាតិខ្មែរថតរូបជាមួយជនបរទេស ព្រោះខ្លាចត្រូវ Fresh News ចោទប្រកាន់ថា មានផែនការផ្តួលរំលំរាជរដ្ឋាភិបាល។
ក្រៅពីប្រតិកម្មរបស់មន្រ្តីបក្សប្រឆាំងទាំងពីរនេះ នៅមានសកម្មជនបក្សប្រឆាំងមួយចំនួនទៀត ភាគច្រើនគឺនៅក្រៅប្រទេស បានចេញមកធ្វើយុទ្ធនាការ ព្រមៗគ្នានៅតាម Facebook របស់ពួកគេឲ្យវាយប្រហារមកលើ Fresh News ហើយខ្លះទៀតអំពាវនាវឲ្យ Unlike ទំព័រ Facebook របស់ Fresh News។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Fresh News មិនបានបង្ហាញការភ្ញាក់ផ្អើលជាមួយការប្រតិកម្ម និងការផ្តើមធ្វើសង្រ្គាមពាក្យសម្តី របស់បក្សប្រឆាំងនោះទេ។ លោក ជាវុត្ថា បានចាត់ទុកថា ប្រតិកម្មរបស់បក្សប្រឆាំងជាមួយ Fresh News មិនខុសពីអាមេរិកប្រតិកម្មជាមួយ WikiLeaks ដែលទម្លាយរឿងអាស្រូវ និងអាថ៌កំបាំងមួយចំនួនរបស់អាមេរិកនោះទេ។
លោក លឹម ជាវុត្ថា បានលើកឡើងថា ព័ត៌មានដែលអង្គភាពរបស់លោកចេញផ្សាយ គឺយកប្រភពពី Facebook «កូនខ្មែរ» ដូច្នេះបើគណបក្សសង្រ្គោះជាតិ ពិតជាស្អាតស្អំមែន គួរណាស់មានការស្រាយបំភ្លឺមកកាន់អង្គភាពរបស់លោក ដើម្បីឲ្យស្របទៅតាមច្បាប់ ឬរបបសារព័ត៌មាន ខណៈការព្យាយាមទាក់ទងបំភ្លឺ ពីបក្សប្រឆាំងរបស់អង្គភាព Fresh News មិនដែលទទួលការស្វាគមន៍ពីបក្សប្រឆាំងនោះឡើយ។
ស្ថាបនិកព័ត៌មានដ៏វ័យក្មេងនៅកម្ពុជា លោក ជាវុត្ថា បានបញ្ជាក់ដែរថា លោកទទួលបានឯកសារ និងព័ត៌មានសម្ងាត់ជាច្រើនទៀត ពាក់ព័ន្ធផែនការពិសពុលរបស់ គណបក្សសង្រ្គោះជាតិ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ឈានទៅកាន់កាន់កាប់អំណាច។ លោក ជា វុត្ថា បន្តថា លោកកំពុងពិចារណាក្នុងការបញ្ចេញ ឯកសារទាំងអស់នោះ។
ជាការកត់សម្គាល់ក្រោយការទម្លាយព័ត៌មានសម្ងាត់ទាំងអស់នេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន បង្ហាញការភ្ញាក់ផ្អើលជាខ្លាំងពីពុតត្បុតដ៏ខ្មៅងងឹតរបស់ គណបក្សសង្រ្គោះជាតិ ដែលចង់បំផ្លាញប្រទេសជាតិឲ្យវឹលទៅរកអន្លង់ទុក្ខដូចពីអតីតកាល ព្រោះតែសម្រេចមហិច្ឆតាដ៏ពិសពុលរបស់ពួកគេ។ ប្រជាពលរដ្ឋខ្មែរ ស្រឡាញ់សន្តិភាព និងធ្លាប់ហែលឆ្លងអន្លង់ភ្លើងសង្រ្គាមដ៏សែនវេទនាពីអតីតកាល បានទទូចឲ្យបក្សប្រឆាំងនៅកម្ពុជាមួយនេះ មើលគំរូពីអតីតកាលរបស់កម្ពុជា និងនៅតំបន់មជ្ឈិមបូព៌ា ព្រោះចង់បានអំណាច បានធ្វើឲ្យប្រទេសត្រូវខ្ទេចខ្ទាំគ្រប់បែបយ៉ាងដោយសារតែភ្លើងសង្រ្គាម៕