(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈលោក ស៊ុន វូសាន អនុរដ្ឋមន្រ្តីក្រសួងការងារចិន ពិភាក្សាគ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងមួយ នាពេលខាងមុខ ដោយសារនៅប្រទេសចិនក៏មានពលករកម្ពុជាកំពុងបម្រើការងារដែរ តែមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវតាមច្បាប់នៅឡើយ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង ស្នើបែបនេះក្នុងឱកាសជួបពិភាក្សាជាមួយលោកអនុរដ្ឋមន្រ្តី ស៊ុន វូសាន នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ក្នុងជំនួបនោះ លោក ស៊ុន បានលើកឡើងពីការរីកចម្រើន និងវាយតម្លៃថា ការការពារសុវត្ថិភាព និងសុខមាលភាពក្នុងរោងចក្រនៅកម្ពុជា មានភាពល្អប្រសើរច្រើន ក្រោយពីលោកបានទៅត្រួតពិនិត្យផ្ទាល់ក្នុងរោងចក្រមួយចំនួន នៅរាជធានីភ្នំពេញ។ លោកក៏បានរៀបរាប់ប្រាប់លោក អ៉ិត សំហេង ពីយន្តការការងារ និងបច្ចេកទេសមួយចំនួន នៃការការពារសុវត្ថិភាពការងាររបស់កម្មករ និងបុគ្គលិកការងារនៅប្រទេសចិនផងដែរ។ កន្លែងការងារខ្លះដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ គឺគេប្រើឧបករណ៍ទំនើបៗជំនួសមនុស្សវិញ។
លោក ស៊ុន បានគូសបញ្ជាក់ថា ប្រមុខដឹកនាំកំពូលរបស់ប្រទេសកម្ពុជា និងប្រទេសចិន បានភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយ៉ាងជិតស្និទ្ធ តាំងពីដើមរហូតដល់បច្ចុប្បន្ន ហើយក្រសួងការងារចិនក៏ពេញចិត្ត និងតែងតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែជិតស្និទ្ធខ្លាំងឡើងបន្ថែមទៀតដែរ។
ដោយសារមើលឃើញពីបទពិសោធន៍ និងយន្តការការពារសុវត្ថិភាពការងាររបស់ប្រទេសចិន តាមរយៈការទៅបំពេញទស្សនកិច្ចផ្ទាល់នៅប្រទេសចិន និងក្រោយពីបានស្ដាប់នូវការរៀបរាប់របស់លោក ស៊ុន រួចមក លោករដ្ឋមន្រ្តី អ៉ិត សំហេង បានស្នើដល់រដ្ឋាភិបាលចិន តាមរយៈលោក ស៊ុន ថា គួរតែពិនិត្យពិចារណា និងពិភាក្សាជាមួយគ្នាលើវិស័យការងារ និងពលកម្ម ដើម្បីឈានទៅការបង្កើតកិច្ចព្រមព្រៀងមួយ ព្រោះដោយសារនៅប្រទេសចិនក៏មានពលករកម្ពុជាកំពុងបម្រើការងារនៅទីនោះផងដែរ តែមិនទាន់មានច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងឲ្យបានត្រឹមត្រូវនៅឡើយ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានស្នើដល់ភាគីចិនជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា និងជួយជាបច្ចេកទេស ក៏ដូចជាឧបករណ៍ទំនើបៗមួយចំនួនដល់កម្ពុជា ខណៈរោងចក្រ សហគ្រាសរបស់អ្នកវិនិយោគចិន ក៏មានច្រើនជាងគេនៅកម្ពុជាផងដែរ សំដៅពង្រឹងការគាំពារកម្មករ-កម្មការិនី និងបង្កើនផលិតភាព។
លោក ស៊ុន ក៏បានឯកភាពនូវគំនិតយោបល់របស់រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាផងដែរ និងបានបញ្ជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយកម្ពុជា ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមចំណែករឹតចំណងមិត្តភាពរវាងកម្ពុជា-ចិនផងដែរ៕