(សៀមរាប)៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញប្រកាសតែងតាំង លោក ភឿន គឹមលី ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជំនួសលោក ឱង គោវិទ អតីតប្រធាន មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលចូលនិវត្តន៍។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានសម្តែងទឹកចិត្តរីករាយ និងកោតសរសើរចំពោះលទ្ធផលការងារ ដែលមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប សម្រេចបានជាបន្តបន្ទាប់ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់ខេត្តសៀមរាប។ លោកបានបន្ថែមថា «ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំបំពេញបន្ថែមនូវក្បាលម៉ាស៊ីនដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តដ៏ពេញលេញមួយ ដែលនឹងអាចជួយដល់ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំអង្គភាពនៅថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងមាំថែមទៀត»

លោករដ្ឋមន្ត្រី បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជាប្រមុខ អ្វីៗដែលជាបញ្ហាប្រឈមត្រូវបានកាត់បន្ថយ និងជម្នះបានជាជំហានៗ។ លំហូរនៃការវិនិយោគពីខាងក្រៅវិស័យទេសចរណ៍ ផលិតកម្មកសិកម្ម ឧស្សាហកម្ម រួមទាំងវិស័យវាយនភ័ណ្ឌ នៅតែបន្ដទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បន្តថា ចាប់ពីឆ្នាំ២០១៦មក កម្ពុជាបានចាកចេញពីចំណាត់ថ្នាក់ ប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងធ្វើសមាហរណកម្មពេញលេញទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងបន្តមានភាពល្អប្រសើរ និងអាចរក្សាបានចីរភាព សម្រាប់រយៈពេលខ្លី និងមធ្យម។ ជាងនេះទៅទៀត ដោយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលមួយទសវត្សកន្លងមក និងនៅតែបន្តមានកំណើនខ្ពស់ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាជាសេដ្ឋកិច្ចខ្លាមួយថ្មីនៅតំបន់អាស៊ីយើងនេះ។

លោករដ្ឋមន្ត្រី ក៏បានបង្ហាញភាពជឿជាក់ថា លោកប្រធានមន្ទីរពាណិជ្ជកម្មថ្មី មានបទពិសោធន៍ការងារយូរឆ្នាំ គួបផ្សំសមត្ថភាពជំនាញ នឹងសម្រេចបានលទ្ធផលការងារធំៗ ថ្មីៗ ជូនអង្គភាព ជូនខេត្ត និងក្រសួង។

លោក ប៉ាន សូរស័ក្តិ ក៏បានផ្តាំផ្ញើ និងផ្តល់ដំបូន្មានមួយចំនួនថា ក្រៅពីចំណងសាមគ្គីភាពផ្ទៃក្នុង ចំណុចសំខាន់មួយទៀត ដែលមិនអាចខ្វះបាន គឺត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អ ស្អិតរមួតជាមួយគ្រប់ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលណែនាំ របស់ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង។

លើសពីនេះត្រូវចេះសម្របសម្រួលរាល់បញ្ហាដែលមាន ទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ហើយចងចាំថាអ្វីៗទាំងអស់ គឺត្រូវតែយកបទដ្ឋានច្បាប់ធ្វើជាគោល។ មិនតែប៉ុណ្ណោះ ត្រូវចេះប្រើប្រាស់ធនធានមនុស្សនៅជុំវិញខ្លួន ដោយមិនរើសអើង មិនប្រកាន់បក្សពួក ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់មន្ដ្រីរាជការក្រោមឱវាទ និងចេះផ្ដល់ឱកាសឲ្យសហការីរបស់ខ្លួនចូលរួមបញ្ចេញមតិជួយយើងក្នុងការសម្រេចកិច្ចការ៕