(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០១ ដើមខែកញ្ញា ឆ្នាំ២០១៧នេះ គឺសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃឱសានវាទចុងក្រោយ ដែលអគ្គនាយករដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឲ្យកាសែត The Cambodia Daily តវ៉ាអំពីការកំណត់ពន្ធ ដែលបានជំពាក់រយៈពេល១០ឆ្នាំ ប្រហែលជាង៦លានដុល្លារអាមេរិក។
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ដ៏ខ្លីខាងមុខនេះ គឺជាថ្ងៃគម្រប់៣០ថ្ងៃ ដែលអគ្គនាយករដ្ឋានពន្ធដារ ទុកពេលឲ្យកាសែត The Cambodia Daily ធ្វើការតវ៉ាអំពីបញ្ហាជំពាក់ពន្ធ បន្ទាប់ពីថ្ងៃទី០៤ ខែកញ្ញាតទៅ អគ្គនាយដ្ឋានពន្ធដារនឹងចេញលិខិតផ្លូវការមួយទៀត ដើម្បីបញ្ជាក់ថា កាសែត The Cambodia Daily ជំពាក់បំណុលពន្ធរដ្ឋ ហើយពន្ធដារនឹងចាប់ផ្តើមអនុវត្តន៍ការរឹបអូសពន្ធ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» បានហៅកាសែត The Cambodia Daily ថាជាមេចោរ និងព្រមានឲ្យវិចបង្វិចចេញពីកម្ពុជាភ្លាម បើមិនព្រមបង់ពន្ធ ដែលខ្លួនគេចវេសរយៈពេល១០ឆ្នាំមកហើយនោះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាសែត The Cambodia Daily ក្រៅពីគេចវេសកាតព្វកិច្ចបង់ពន្ធ ជូនកម្ពុជាជាង១០ឆ្នាំហើយនោះ ថែមទាំងចោទថា រឿងបង់ពន្ធនេះ ជារឿងនយោបាយទៅវិញ ខណៈដែលសម្ដេចអះអាងថា នេះហើយជាភាពអយុត្តិធម៌ ដែលសម្ដេចទទួលបានពីបរទេស ដោយគ្រាន់តែឲ្យ បរទេសនោះអនុវត្តច្បាប់របស់កម្ពុជាសោះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «អាមេចោរ អត់បង់ពន្ធឲ្យរដ្ឋ១០ឆ្នាំ អានេះ១០ឆ្នាំ គេគិតតែអាច្បាប់ពន្ធទេ តែអានេះតាំង ពីកើតចេញជារូបរៀងមក មិនដែលបង់ពន្ធឲ្យរដ្ឋទេ សុំទោស។ ឥឡូវកំពុងតែបង្វែរទៅជាផ្លូវនយោបាយហើយ ខ្លួនឯងជាមេចោរហើយ មកបង្រៀនគេ។ បង់ពន្ធឲ្យរដ្ឋមក បើចង់នៅតទៅទៀតបង់ពន្ធឲ្យរដ្ឋ បើមិនបង់ពន្ធឲ្យរដ្ឋទេ វិចបង្វិចចាកចេញទៅ អាហ្នឹងនិយាយគ្នាឲ្យច្បាស់ៗ ហើយគ្មានរឿង នយោបាយនៅក្នុងហ្នឹងទេ»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ អះអាងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ខាងកាសែត Cambodia Daily បានឆ្លើយឆ្លងជាមួយខាងពន្ធដារចំនួន៣ដង លើកទី១ នៅថ្ងៃទី០៦ ខែសីហា (តាមលិខិត), លើកទី២ ថ្ងៃទី១៥ ខែសីហា (តាមលិខិត) និងលើកទី៣ ថ្ងៃទី២៥ ខែសីហា មកជួបផ្ទាល់តែម្តងនៅការិយាល័យពន្ធដារ ប៉ុន្តែបាននិយាយថា គ្មានឯកសារអ្វីទាំងអស់។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញជូនតំណាង The Cambodia Daily យ៉ាងជាក់ច្បាស់រួចហើយ ទាំងផ្នែកទិដ្ឋភាពច្បាប់ និងទាំងអង្គហេតុជាក់ស្តែង ដែលជាមូលដ្ឋាននៃការកំណត់ពន្ធឡើងវិញនេះ ក៏ប៉ុន្តែតំណាងក្រុមហ៊ុន មិនបានផ្តល់នូវសក្ខីកម្មណាមួយ ដើម្បីដោះបន្ទុកលើការកំណត់ពន្ធឡើងវិញនោះទេ ដែលសូម្បីតែតំណាងរូបនោះខ្លួនឯង ស្ទើរតែមិនមានពាក្យអ្វីត្រូវហាស្តី ឬហាមាត់និយាយមិនរួចផង ចំពោះទឡ្ហីករណ៍នៃការកំណត់ពន្ធឡើងវិញនេះ ប៉ុន្តែបែរជាខិតខំបង្វែរស្ថានការណ៍ នៃការមិនគោរពការតព្វកិច្ចបង់ពន្ធរបស់ខ្លួនទៅជាបញ្ហានយោបាយ ហើយស្នើឱ្យរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ជួយអន្តរាគមន៍លើរឿងនេះទៅវិញ»។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកពន្ធដារ ធ្លាប់បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាសែតនេះមិនបង់ពន្ធជូនរដ្ឋទេនោះ។
លោក គង់ វិបុល បញ្ជាក់ទៀតថា «ចំពោះការអនុវត្តន៍ការរឹបអូសពន្ធនេះ នឹងត្រូវធ្វើតាមច្បាប់សារពើពន្ធ ដោយមានការព្យួរអាជ្ញាប័ណ្ណ បង្កកគណនីក្រុមហ៊ុន ផ្អាកការនាំចេញនាំចូល ហើយឈានដល់ការបិទកាសែតទាំងស្រុងតែម្តង ប្រសិនបើកាសែតនេះ មិនបង់ពន្ធជូនរដ្ឋទេនោះ»។
សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតមួយ ស្តីពីការកំណត់ពន្ធឡើងវិញ ដែលចុះហត្ថលេខា ដោយលោក ហេង ណារិទ្ធ ផ្ញើជូននាយកសហគ្រាស៖ គឺ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. (កាសែត Cambodia Daily) អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោក ត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមាន ក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល»។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែល ជាង៦លានដុល្លារសហរដ្ឋអាមេរិក៕