(ភ្នំពេញ)៖ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នឹងបើកកិច្ចប្រជុំមួយ នៅពេលខាងមុខនេះ ដើម្បីរៀបចំរូបសញ្ញាថ្មីឱ្យស្របតាមច្បាប់គណបក្សនយោបាយថ្មី ក្រោយទទួលការណែនាំពីក្រសួងមហាផ្ទៃ។
លោក សាយ ហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ច្បាប់គឺច្បាប់ ហើយគ្មាននរណារំលោភច្បាប់ទេ ច្បាប់បានតម្រូវឱ្យយើងអនុវត្ត ដូច្នេះយើងអនុវត្តតាមច្បាប់»។ លោកថ្លែងបន្តថា « យើងគោរពឆន្ទៈរបស់ប្រជារាស្រ្ត ដែលបានបោះឆ្នោតឱ្យគណបក្សដែលមានអសនៈនៅក្នុងរដ្ឋសភាទាំងពីរ»។
លោកបានបញ្ជាក់ទៀតថា ការប្រជុំសម្រេចចំពោះការផ្លាស់ប្តូររូបសញ្ញា គណបក្សហ្វ៊ុនស៊ិនប៉ិចនេះនឹងធ្វើឡើងបន្ទាប់ពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈដែលព្រះអង្គ កំពុងពិនិត្យព្រះរាជសុខភាព នៅប្រទេសបារាំង។
សូមបញ្ជាក់ថា វិសោធនកម្មច្បាប់គណបក្សនយោបាយ បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលប្រកាសឱ្យប្រើប្រាស់ដោយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ ក្រោមច្បាប់ថ្មីនេះ គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គល ជាសញ្ញាសម្គាល់ ឬរូបគណបក្សនោះ ត្រូវតែធ្វើការផ្លាស់ប្តូរនៅក្នុងអំឡុងពេល៩០ថ្ងៃ បើមិនដូច្នោះទេ គណបក្សទាំងនោះនឹងប្រឈមនឹងវិធានការផ្លូវច្បាប់៕