(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយក្រុមអ្នកបើកបររថយន្តក្រុង និងរថយន្តដឹកធុនធ្ងន់នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងលើសេវាដឹកជញ្ជូនរថយន្តក្រុង និងដើម្បីឲ្យអ្នកបើកបររថយន្តដឹកធុនធ្ងន់ៗ នៅរាជធានីភ្នំពេញ គោរពច្បាប់ និងការណែនាំពីអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកបើកបរ។
ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដោយមានការចូលរួមពីមន្រ្តីក្រោមឱវាទជាច្រើនរូប និងបងប្អូនអ្នកបើកបររថយន្តក្រុង និងរថយន្តដឹកធុនធ្ងន់នៅរាជធានីភ្នំពេញជាច្រើនរយនាក់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរកចំណតរថយន្តក្រុងដឹកអ្នដំណើរ ខណៈរថយន្តក្រុងគ្រោងបន្ថែមខ្សែរត់រហូត៨ខ្សែ និងមានចំនួនរថយន្តចំនួន១៥៨គ្រឿង ស្របពេលដែរនៅភ្នំពេញមានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឯកជន មានចំនួន៧២ក្រុមហ៊ុន។
លោក ឃួង ស្រេង បានជម្រុញឲ្យបងប្អូនអ្នកបើកបររថយន្តក្រុងទាំងអស់គោរព ក្រមសីលធម៌វិជ្ជាជីវៈជាអ្នកបើកបរ ដោយអ្នកដំណើរច្រើនណាស់ដែលគេផ្ញើ អាយុជីវិតជាមួយយើង។ លោកបន្តថា ថ្មីៗនេះលោកទទួលបានព័ត៌មានថា អ្នកបើកបរក្រឡុកស៊ីម៉ង់ត៍ខ្លះ មិនទទួលប្រាក់ខែទេ តែពួកគាត់ទទួលប្រាក់មួយជើង ពោកគឺបើកបរមួយជើងទទួលបាន១៥០០០រៀលពេលថ្ងៃ និង២០០០០រៀលមួយជើងនៅពេលយប់ ដែលធ្វើឲ្យអ្នកបើកបររថយន្តទាំងនេះបើកលឿនៗ បង្កឲ្យមានគ្រោះថ្នាក់ចរាចរញឹកញាប់។ ដូច្នេះទេ លោកស្នើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវកោះហៅម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរថយន្តធុនធំនេះ មកប្រជុំ និងណែនាំឲ្យគោរពច្បាប់និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកអភិបាលរាជធានី បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់សមត្ថកិច្ច ដល់អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ឋនឹងផ្លូវព្រះមុនីវង្ស ផ្លូវស៊ីសុវត្ថិ និងកំណាត់ផ្លូវ មុខព្រះបរមរាជវាំង គឺត្រូវចាប់រាល់រថយន្តដឹកដី រថយន្តកុងតឺន័រ ដែលបានធ្វើចរាចរតាមផ្លូវទាំងនេះ។ លោកអភិបាលបន្តថា តាមផ្លូវទាំងមិនដែលមានឃ្លាំងស្តុកទំនិញនោះទេ មួយវិញទៀត ព្រះបរមរាជវាំង មិនអាចអោយរថយន្តប្រភេទដឹកដីឆ្លងកាត់ជាដាច់ខាត។
ក្នុងពិធីនេះ បងប្អូនអ្នកបើកបររថយន្តក្រុង និងរថយន្តដឹកធុនធ្ងន់ក៏ទទួលបានសៀវភៅច្បាប់ចរាចរផ្លូវគោកម្នាក់មួយច្បាប់ រួមនិងខិតប័ណ្ណស្តីពីសុវត្ថិភាពផ្លូវគោកផងដែរ ដោយចែកចេញជាច្រើន ប្រការដែលអ្នកបើកបរត្រូវចងចាំ ក្នុងនោះរួមមាន ក ៦ប្រការ៖ទី១-ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត ដែលអ្នកកំពុងបើកបរ, ទី២- ត្រូវចេះបើកបរដោយចេះការពារខ្លួន, ទី៣-ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នៅពេលបើកបរ, ទី៤-ត្រូវពាក់មួកសុវត្ថិភាពពេលបើកបរនិងរួមដំណើរតាមម៉ូតូ, ទី៥- ត្រូវចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ, ទី៦-ត្រូវចាំជានិច្ចថា (ជីវិតគ្មានការលក់ដូរនៅទីផ្សារទេ)។
ខ ប្រការ៦៖ ទី១-កុំផ្ទុកមនុស្ស ឬទំនិញលើសចំណុចកំណត់, ទី២-កុំបើកបរហួសល្បឿនកំណត់, ទី៣-កុំបើកបរក្រោមឥទ្ឋិពលនៃគ្រឿងស្រវឹង និងសារធាតុញៀន, ទី៤-កុំជែងដោយប្រចុយនឹងគ្រោះថ្នាក់, ទី៥-កុំប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ និងទី៦-កុំប្រមាថអាយុជីវិតអ្នកដទៃ ដូចដែលយើងមិនចង់អោយអ្នកដទៃ ប្រមាថអាយុជីវិតយើងដែរ ៕