នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញបិទវគ្គហ្វឹកហ្វឺនវរសេនាតូចរៀបរយ នៅកងពលតូចថ្មើរជើងលេខ៤១ និងណែនាំឲ្យពលទាហាន គ្រប់វិន័យឲ្យបានល្អ
01-09-2017 17:31
(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ អមដំណើរដោយ លោក ស ថាវី អភិបាលខេត្ត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនវរសេនាតូចរៀបរយ របស់កងពលតូចថ្មើរជើងលេខ៤១ នៅទីបញ្ជាការវរសេនាតូច៤១២ នៅភូមិសាស្ត្រ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើឲ្យកម្មសិក្សាការីទាំងអស់ បន្ទាប់ពីបញ្ចប់វគ្គសិក្សាពេលទៅបំពេញបេសកកម្ម ត្រូវប្រែក្លាយចំណេះដឹង ឲ្យទៅជាសកម្មភាពគំរូ ក្នុងការបំពេញការងារ គោរពវិន័យ និងប្តេជ្ញាការពារបូរណភាពទឹកដី សុខសន្តិភាព របស់ប្រទេសជាតិ និងប្រឆាំងរាល់ការ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវឲ្យយោធិនគ្រប់រូបព្រមទាំងគ្រួសារ ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងនាំកូនចៅ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា៕