(ភ្នំពេញ)៖ លោកប្រាយុទ្ធ ច័ន្ទអូឆា(Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ នឹងដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
តាមសេចក្តីប្រកាសនេះ អំឡុងពេលមកបំពេញទស្សននៅ លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន។ បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ ចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។
កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ នេះ នឹងផ្ដល់មគ្គុទេសក៍និងទិសដៅ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ ។ នៅចុងបញ្ចប់ នៃកិច្ចប្រជុំចង្អៀត គណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗ មួយចំនួនផងដែរ។
សូមបញ្ជាក់ អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញសម្ពោធសួនមិត្តភាពកម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង ប្រធានព្រឹទ្ធសភាផងដែរ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖