(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧២២ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរឬស្សីកណ្តាល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសហការគ្នា ដេញចាប់រថយន្តកាមរីបាឡែន១គ្រឿង ដែលមានផ្ទុកឈើប្រណិតជាច្រើនប្រភេទ នៅចំណុចផ្លូវចូលទៅកាន់រមណីដ្ឋានអេកូទេសចរណ៍ អូរឬស្សីកណ្តាល ស្ថិតនៅក្នុងភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក បន្ទាប់ពីរថយន្តដឹកឈើនេះបែកកង់ចំនួន២គ្រាប់ រត់ទៅមុខលែងរួច។
មន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខ៧២២ បានឲ្យដឹងថា រថយន្ត១គ្រឿងដឹកឈើប្រណិត ដែលសមត្ថកិច្ចស្ទាក់ចាប់បាននេះ ជាប្រភេទរថយន្តកាមរីបានឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-2021 ហើយក៏មានពាក់ឡូហ្គោរបស់ អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកពីមុខផងដែរ រថយន្តនេះបានដឹកឈើពីរប្រភេទ គឺប្រភេទឈើនាងនួន និងឈើធ្នង់។ មន្ត្រីដដែលបានបន្តថា នៅមុនពេលចាប់រថយន្តនេះ បានសមត្ថកិច្ចបានទទួលដំណឹងថា រថយន្តនេះមានផ្ទុកឈើពេញប្រៀប ដោយដឹកជញ្ជូនពីទីក្រុងស្ទឹងត្រែង ក្នុងបំណងនាំឆ្ពោះទៅកាន់ខេត្តក្រចេះ។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ដោយកំណត់បានអត្តសញ្ញាណរថយន្តច្បាស់លាស់ហើយនោះ កម្លាំងអាវុធហត្ថប្រចាំស្នាក់ការសន្តិសុខ៧២២ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរឬស្សីកណ្តាល បានធ្វើការប្រដេញស្ទាក់ចាប់រថយន្តនេះ ជាច្រើនគីឡូម៉ែត្រ នៅលើដងផ្លូវជាតិលេខ៧ ទីបំផុតត្រូវស្ទាក់ចាប់បាន នៅបន្ទាប់ពីររថយន្តដឹកឈើ១ គ្រឿងនេះ បានបើកគេចចូលតាមផ្លូវលំមួយខ្សែ ចូលទៅកាន់រមណីដ្ឋានទេសចរណ៍ អូរឬស្សីកណ្តាល ហើយបានបែកកង់ចំនួនពីរគ្រាប់ គឺខាងមុខ និងខាងក្រោយ នៅផ្នែកខាងឆ្វេងទៅមុខលែងរួច។
មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរឬស្សីកណ្តាលលោក ស៊ុត ប៊ុណ្ណា បានប្រាប់ឲ្យដឹងថា បន្ទាប់ពីរថយន្តដឹកឈើនេះ បានបែកកង់ទៅមុខលែងរួចនោះអ្នកបើកបររថយន្តនេះ បានបើកទ្វារចុះ រួចរត់គេចខ្លួនចូលព្រៃបាត់ប្រមោល។ លោកថា សមត្ថកិច្ចបានតាមដានពីសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តនេះ ជាយូរមកហើយ ប៉ុន្តែយើងកំណត់ អត្តសញ្ញាណមិនបានទើបតែលើកនេះ យើងបានដឹងច្បាស់ ហើយធ្វើការបង្ក្រាបតែម្តង។
លោក ស៊ុត ប៊ុណ្ណា បានបន្ថែមថា ម្ចាស់រថយន្តនេះ លោកមិនបានដឹងច្បាស់នោះទេ តែបើតាមការប៉ានស្មាន និងធ្លាប់ឃើញបើកបរ ឆ្លងកាត់ទឹកដីលោកគ្រប់គ្រងជាញឹកញាប់នោះ លោកសង្ស័យថា ម្ចាស់រថយន្តនេះមានឈ្មោះ អូន ហៅអូនស្វិត មានប្រពន្ធក្មេង។ ក្រោយការបង្ក្រាបរថយន្ត និងឈើត្រូវបាននាំមកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ហើយមេបញ្ជាការអាវុធហត្ថខេត្តហើយ បានធ្វើកំណត់ហេតុប្រគល់ឈើនៅក្នុងរថយន្តនោះ ទៅឲ្យមន្ត្រីព្រៃឈើខេត្ត ចំណែករថយន្តត្រូវបានរក្សាទុក នូវទីបញ្ជាការអាវុធហត្ថខេត្ត។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត បានប្រាប់ឲ្យដឹងថា ឈើដែលរដ្ឋបាលព្រៃឈើ ទទួលបានពីអាវុធហត្ថខេត្តនោះ គឺមានពីរប្រភេទ ជាប្រភេទឈើនាងនួន និងឈើធ្នង់ មានចំនួន៦១ដុំ ខណៈនេះឈើទាំងនោះ ត្រូវបានរក្សាទុកនៅស្នាក់ការខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង៕