(បាត់ដំបង)៖ ប្រតិភូសប្បុរសជនមានជនជាតិចិន និងជនជាតិជប៉ុន បានចុះជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅ បានចុះពិនិត្យទីតាំងសម្រាប់ធ្វើអណ្តូងស្នប់ ចំនួន១០កន្លែង ជូនប្រជាពលរដ្ឋពលរដ្ឋក្នុងឃុំ សម្រាប់ប្រើប្រាស់រួម ដើម្បីបំពេញបន្ថែមតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋជាក់ស្តែង ខណៈពេលក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំបានអញ្ជើញប្រគល់ផ្ទះប្រក់ស័ង្កសី២ខ្នង និងអណ្តូងស្នប់២ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុបាណន់។
លោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅ បានឲ្យដឹងថា ដើម្បីបំពេញនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្រុមការងារតែងបានចុះជួយកសាងសមិទ្ធិផល យ៉ាងច្រើនជូនប្រជាពលរដ្ឋជាច្រើនឆ្នាំមកទល់បច្ចុប្បន្ន។ ជាក់ស្តែងនៅរសៀលថ្ងៃនេះ ប្រជាពលរដ្ឋក្រីក្រ២គ្រួសារ បានទទួលផ្ទះថ្មីធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានទំហំ៥គុណ៤ម៉ែត្រ ដែលជាអំណោយរបស់ក្រុមការងារយើង និងប្រគល់អណ្តូងស្នប់ចំនួន២នៅកន្លែងផ្សេងគ្នា ជូនពួកគាត់ទុកសម្រាប់ប្រើប្រាស់ ជាប្រយោជន៍រួមសមូហភាព។
នៅក្នុងពិធីប្រគល់ផ្ទះចំនួ២ខ្នងនេះដែរ មានប្រតិភូជាសប្បុរសជន មានជនជាតិចិន និងជនជាតិជប៉ុន ក៏បានជម្រាបដល់ក្រុមការងារនិងប្រជាពលរដ្ឋក្នុងឃុំយើងថា ក្រុមសប្បុរសជន ពួកលោកក៏បានឯកភាពគ្នាចុះជួយជីកអណ្តូងស្នប់ចំនួន១០កន្លែងផងដែរ ជាអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្នុងឃុំភ្នំសំពៅក្នុងពេលឆាប់ៗនេះ ដោយបានបញ្ជាក់ឲ្យក្រុមការងារជ្រើសរើស ទីតាំងសមស្របដើម្បីសាងសង់អណ្តូងស្នប់នេះបានប្រើប្រាស់ទឹកទាំងអស់គ្នា។
ប្រតិភូក៏បានបញ្ជាក់ទៀតថា ក្រុមសប្បុរសជនរបស់លោក និងបន្តជួយកសាងសមិទ្ធផលផ្សេងៗទៀត ដែលចាំបាច់បំផុតសម្រាប់ប្រជាកសិករយើងតាមក្រោយទៀតផងដែរ។
ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលទើបនឹងបានផ្ទះថ្មី និងប្រជាពលរដ្ឋក្នុងឃុំទទាំងអស់ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅដែលតែងតែ ដឹងសុខទុក្ខប្រជាពលរដ្ឋកន្លងមកមិនដែលខានឡើយ ពិសេសនាពេលនេះ សូមថ្លែងអំណរគុណដល់សប្បុរសជនដែល បានអញ្ជើញចុះមកពិនិត្យទីតាំងដើម្បី ធ្វើអណ្តូងស្នប់ចំនួ១០កន្លែងទៀត ទុកជាប្រយោជន៍សមូហភាពរួមឲ្យប្រជាពលរដ្ឋយើងបានប្រើប្រាស់រហូតទៅ ពួកយើងខ្ញុំនឹងនាំគ្នាថែរក្សានូវសមិទ្ធិផលទាំងនេះ ប្រើប្រាស់ឲ្យបានយូរអង្វែងតទៅ៕