(ភ្នំពេញ)៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ជាថ្ងៃបុណ្យ Eid Udha ឬបុណុ្យហាជ្ជធំរបស់ឥស្លាម ដែលទៅប្រារព្ធបុណ្យធំ នៅក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយជាកាតព្វកិច្ចទី៥ របស់សាសនិកឥស្លាមពិភពលោក ដោយឡែកបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលមិនបានអញ្ជើញទៅប្រារព្ធ នៅទីក្រុងម៉ាកះ ក៏បានប្រារព្វពិធីបុណ្យហាជ្ជនេះ ទៅតាមវិហាឥស្លាម និងភូមិរៀងៗខ្លួន ជាពិសេសការប្រារព្ធពិធីបូជាសត្វគោ ពពែទ្រង់ទ្រាយធំ ទូទាំងប្រទេស ដើម្បីផ្តល់សាច់ជូនជនក្រីក្រ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានអញ្ជើញចូលរួមបុណ្យ Eid Udha ឬបុណ្យហាជ្ជ ជាមួយសាសនិកឥស្លាមនៅវិហារព្រៃពីស ឃុំច្រែស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ក៏ដូចជាការអញ្ជើញ សម្ភោធនិមិត្តរូប ពិធីចែកសាច់ដល់ជនក្រីក្រ តំណាងទូទាំងប្រទេស ដែលធ្វើការប្រគល់បាន៣១៦ក្បាល សម្រាប់អ្នកខេត្តកំពង់ឆ្នាំង ខណៈខេត្តកំពង់ធំ និងបាត់ដំបង កំពត ឯណោះបានធ្វើការចែកចាយអស់ចំនួន៣២៥ក្បាល ក្រៅពីនេះតំណាងមូលនិធិខេត្ត និងគណៈអ៊ីម៉ាំខេត្ត ធ្វើការចែកចាយទូទាំងប្រទេស បន្តរហូតដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានឲ្យដឹងថា សម្រាប់ពិធីបុណ្យហាជ្ជ ឆ្នាំ២០១៧នេះ សហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស ទទួលបានការឧបត្ថម្ភគោ ពីសប្បុរសជនក្រៅប្រទេស សម្រាប់ចែកសាច់ជូនជនក្រីក្រ សរុបប្រមាណ៤ពាន់ក្បាល និងពពែជិត២ពាន់ក្បាល ដោយឡែកមូលនិធិរបស់លោក ក្រោមកិច្ចសហការជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា បានទទួលជំនួយគោរសរុបចំនួន ២,០៩៩ក្បាល ពពែ៩២៥ក្បាល បានធ្វើការចែកចាយ ទៅកាន់សហគមន៍ទូទាំងប្រទេស ពីថ្ងៃទី០១-០៤ ខែកញ្ញា ឆ្នាំ២០១៧។
ក្រៅពីនេះ ក៏មានអណ្តូង៦៤៦ បង្គន់អនាម័យ៥១ ដែលអំណោយទាំងអស់ គឺជាការឧបត្ថម្ភពី សប្បុរសជនម៉ាឡេស៊ីច្រើនជាងគេ បន្ទាប់មកមានបណ្តាប្រទេស អារ៉ាប់ ទួរគី អាល់ឡឺម៉ង់ សាំងហ្គាពួរ ព្រុយណេជាដើម។
លោកឧកញ៉ា បន្តថាដោយសារការរីកចម្រើនកំណើនសេដ្ឋកិច្ចជាតិ ប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយល្អ ធ្វើឲ្យបងប្អូនសាសនិកឥស្លាម មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបមុខរបរចិព្ចឹាមជីវិតមានជីវភាពរស់នៅបានសមរម្យ ហើយសហគមឥស្លាម ក៏បានទទួលនូវសមិទ្ធផលជាច្រើន ពីរាជរដ្ឋាភិបាលដូចជា ការបណ្ដុះបណ្ដាលធនធានមនុស្ស កំណើនសេដ្ឋកិច្ចជាតិ ធ្វើឲ្យសហគមន៍ឥស្លាម មានជីវភាពធូរធារ។
ដោយមានការគាំទ្រពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយសុខ ដមបនីយកម្ម ធ្វើឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា មានលទ្ធភាពបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន ចូលរួមធ្វើបុណ្យ និងមានលទ្ធភាព បានទៅចូលរួមធ្វើបុណ្យហាជ្ជនៅទីក្រុងម៉ាកាះ ប្រទេសអារ៉ាប៊ីសាអូឌីតឆ្នាំនេះ មានចំនួន៦៤៤នាក់។
បើតាមលោក អូស្មាន ហាស្សាន់ សាសនិកឥស្លាមមានមោទនភាពណាស់ រស់នៅក្នុងប្រទេសមួយ ដែលមានប្រមុខថ្នាក់ដឹនាំ រាជរដ្ឋាភិបាលកម្ពុជា គោរពសាសនាព្រះពុទ្ធ ប៉ុន្តែបានយកចិត្តទុកដាក់គិតគូរ ដល់សាសនិកឥស្លាមទាំងសេរីភាពការរស់នៅ សិទ្ធិគោរពប្រតិបត្តិ សាសនាយ៉ាងពេញលេញ ដូចអ្នកគោរពសាសនាដ៏ទៃទៀត ហើយសាសនាទាំងអស់នៅកម្ពុជា មានសុខដុមរមណីកម្មជាមួយគ្នា ដោយគ្មានការរើសអើង ចំពោះសាសនាណាមួយឡើយ ដោយសារគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ លោក បានចែកអំណោយរបស់សប្បុរជនម៉ាឡេស៊ី មានខោអាវ អង្ករ កង់ កញ្ចប់ម្ហូបអាហារ និងឧបត្ថម្ភសាច់គោ ជូនសាសនិកឥស្លាមទូទាំ ងស្រុកកំពង់ត្រឡាច ដែលមកពី៣ឃុំផងដែរ៕