(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់គរុសិស្ស ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ពេលចេញទៅបម្រើការងារ នៅតាមសាលារៀននានា ត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈ ពិសេសត្រូវធ្វើជាគំរូដល់សិស្ស។
ការផ្តាំផ្ញើរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលគរុសិស្សជំនាន់ទី៣៤ នៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា វិស័យអប់រំ ជាវិស័យអទិភាពមួយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ដោយក្នុងនោះ សម្តេចបានសាងសង់សាលារៀនជាច្រើន ពិសេសនៅតាមទីជនបទដាច់ស្រយាលដើម្បីឲ្យកូនចៅ ប្រជាពលរដ្ឋមានឱកាសបានរៀនសូត្រ ដើម្បីយកចំណេះដឹង ចូលរួមចំណែកកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើន។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់ តម្លើងប្រាក់បៀវត្តន៍ដល់គ្រូបង្រៀន ដើម្បីឲ្យមានជីវភាពរស់នៅសមរម្យ និងខិតខំបំពេញការងារបង្រៀនសិស្ស ឲ្យមានចំណេះដឹងប្រកបដោយគុណភាព ដូច្នេសូមឲ្យគរិសិស្សដែលបានបញ្ចប់វគ្គនៅពេលនេះ ពេលចេញទៅបង្រៀននៅតាមសាលានានា ត្រូវយកចិត្តទុកដាក់ផ្តល់នូវចំណេះដឹង ផ្តល់ពុទ្ធិដល់សិស្ស ហើយត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើជាគំរូដល់សិស្ស។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានឧបត្ថម្ភដល់គរុសិស្ស១០៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៤ម៉ឺរៀល និងគ្រូម្នាក់ៗ ២ម៉ឺនរៀល និងបានឧបត្ថមក្នុងកម្មវិធីជប់លៀផងដែរ៕