(ក្រចេះ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាឲ្យបិទអណ្ដូងរ៉ែមាសគ្មានច្បាប់ទម្លាប់ ស្ថិតនៅកណ្ដាលព្រៃចំនួន១១ទីតាំង ព្រមទាំងត្រៀមកោះហៅម្ចាស់ទីតាំងទាំង១១អណ្ដូងនេះ ទៅសួរនាំដើម្បីចាត់វិធានការតាមនីតិវិធីបន្ដទៀត ក្នុងនោះមានទាំងការអប់រំ ផងដែរ។

លោក កែវ សុជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៃគ្រោះថ្នាក់ខាងលើនេះកើតឡើង លោកបានចាត់ឲ្យ ព្រះរាជអាជ្ញារង២រូប គឺលោក ជា សុភ័ក្រ និងលោក ធុច បញ្ចៈសន្ដិភាព ដឹកនាំសមត្ថកិច្ច មន្ដ្រីជំនាញ និងអាជ្ញាធរចុះទៅពិនិត្យមើលជាក់ស្ដែង ហើយលើកនេះបានរុករកនៅកណ្ដាលព្រៃ ដោយរកឃើញអណ្ដូងរ៉ែមាស គ្មានច្បាប់ទម្លាប់ចំនួន១១កន្លែង ហើយលោកបញ្ជាឲ្យបិទចោលតែម្ដង។

លោក កែវ សុជាតិ បានបញ្ជាក់ផងដែរថា កាលពីគ្រោះថ្នាក់លើកមុននោះ លោកបានបញ្ជាឲ្យបិទអណ្ដូងរ៉ែមាសនោះ តែមិនបានរកឃើញអណ្ដូងរ៉ែមាសផ្សេងទៀត ទើបនៅពេលនេះបានរុករកនៅក្នុងព្រៃ ក៏ប្រទះឃើញចំនួន១១ទីតាំង ហើយបញ្ជាឲ្យបិទចោលតែម្ដង។

សូមបញ្ជាក់ថា គ្រោះថ្នាក់បាក់រណ្ដៅជីករ៉ែមាសនេះ បានកើតឡើងស្ថិតនៅចំណុចត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានផ្ដាច់ជីវិតមនុស្ស៣នាក់ទៀតហើយ បន្ទាប់ពីគ្រោះថ្នាក់មួយនេះ បានកើតឡើងកាលពី៣ថ្ងៃមុន បណ្ដាលឲ្យស្លាប់២នាក់ផងដែរ។

យោងតាមរបាយការណ៍របស់អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ស្រុកសំបូរ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣៖៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ នួន ចាន់រ៉ា អាយុ៥០ឆ្នាំ ជាថៅកែ រស់នៅភូមិតាកុត ឃុំសំបុក ស្រុកចិត្របុរី,​ ទី២៖ ឈ្មោះ ជិន ធារ៉ា អាយុ២៥ឆ្នាំ រស់នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ជាកូនចៅ និងទី៣៖ ឈ្មោះ រាជ សាកា អាយុ២១ឆ្នាំ រស់នៅភូមិតាកុត។

របាយការណ៍បានបន្ដថា ជនរងគ្រោះទាំង៣នាក់ បានចុះទៅក្នុងរណ្ដៅរ៉ែបណ្ដាលឲ្យបាក់ដីសង្កត់ ស្លាប់ទាំង៣នាក់តែម្ដង ហើយក្រោយកើតហេតុទើបសមត្ថកិច្ចដឹង ក៏បានចុះទៅជួយអន្ដរាគមន៍ តែរហូតមកដល់ពេលនេះមិនអាចយកសពជនរងគ្រោះ ចេញពីក្នុងរណ្ដៅបាននៅឡើយទេ។

សូមបញ្ជាក់ថា តំបន់ជីករករ៉ែមាសខាងលើនេះ ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ចាត់ទុកថា ជាតំបន់អនាធិបតេយ្យគ្មានច្បាប់ទម្លាប់នោះទេ ហើយក៏សូមឲ្យអាជ្ញាធរខេត្តជួយសហការទប់ស្កាត់ កុំឲ្យមានករណីនេះកើតឡើងបន្ដទៀត៕